មន្ទីរប៉ង់តាហ្គោនបញ្ជូនកម្លាំងទៅពង្រឹងសន្តិសុខនៅអាកាសយានដ្ឋាន Manda Bay Airfield នៅស្រុកឡាមូក្នុងប្រទេសកេនយ៉ា ក្រោយពីមានការវាយប្រហារពីក្រុមភេរវករអាល់ សាបាបនៅថ្ងៃអាទិត្យ។ ការវាយប្រហារនោះសម្លាប់ជនជាតិអាមេរិកចំនួន៣ នាក់ និងមនុស្សចំនួន២នាក់ទៀតរងរបួស។ មន្ទីរប៉ង់តាហ្គោនប្រកាសនៅថ្ងៃច័ន្ទថា ចំនួនកម្លាំងបន្ថែមនឹងចូលរួមជាមួយកងកម្លាំងសហរដ្ឋអាមេរិក និងកម្លាំងកេនយ៉ាដែលឈរជើងនៅមូលដ្ឋាននោះ។ AFRICOM ទាញសេចក្តីសន្និដ្ឋានថា ការវាយប្រហារនៅថ្ងៃអាទិត្យមានជាប់ទាក់ទងនឹងការកើនឡើងនៃភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់។
ទាហានអាមេរិកម្នាក់ និងអ្នកម៉ៅការចំនួនពីរនាក់ស្លាប់នៅថ្ងៃអាទិត្យ នៅពេលក្រុមសកម្មប្រយុទ្ធវាយប្រហារនៅព្រលឹមមុនម៉ោង៤ព្រឹក ដោយហេតុការណ៍នោះបំផ្លាញយន្តហោះចំនួន ២គ្រឿង ឧទ្ធម្ភាគចក្រចំនួន២គ្រឿង និងរថយន្តយោធាអាមេរិកជាច្រើនគ្រឿង។ បច្ចុប្បន្នមានបុគ្គលិកយោធាសហរដ្ឋអាមេរិកតិចជាង១៥០នាក់កំពុងឈរជើងនៅមូលដ្ឋាននោះ ដោយពួកគេមានភារកិច្ចប្រឆាំងភេរវកម្ម និងបណ្តុះបណ្តាលកងកម្លាំងអាហ្វ្រិកខាងកើត៕

ប្រភព័ត៌មានRT ផ្សាយថ្ងៃទី៦ ខែមករា ឆ្នាំ២០២០









