កម្លាំងអាមេរិកនឹងចាកចេញពីអ៊ីរ៉ាក់ដើម្បីគោរពអធិបតេយ្យភាព

0

មេដឹកនាំកម្លាំងអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ជូនដំណឹងដល់រដ្ឋាភិបាលនៅទីក្រុងបាកដាដថា កម្លាំងចម្រុះដឹកនាំដោយអាមេរិកនឹងចាកចេញពីប្រទេសអ៊ីរ៉ាក់នៅក្នុងលិខិតមួយដែលវាជាសកម្មភាពផ្ទុយពីសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិកលោកត្រាំ។ នៅថ្ងៃចន្ទ ឧត្តមសេនីយ៍លោក Marine  William H. Seely III សរសេរនៅក្នុងលិខិតមួយផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខទាំងអស់ថា “ដោយយោងទៅលើអធិបតេយ្យភាពរបស់អ៊ីរ៉ាក់ កងកម្លាំងចម្រុះដែលចូលរួមជាមួយកម្លាំងអ៊ីរ៉ាក់នឹងផ្លាស់ប្តូរទីតាំងនៅរយៈពេលប៉ុន្មានថ្ងៃខាងមុខសម្រាប់សកម្មភាពបន្ត”។

លោក Seely III បានសរសេរលិខិតមួយផ្ញើរទៅកាន់ក្រសួងការពារជាតិអ៊ីរ៉ាក់នៅថ្ងៃចន្ទ ហើយមានការផ្សព្វផ្សាយលិខិតនោះលើបណ្តាញអ៊ីនធឺណិត។ លោក Seely សរសេរថា “យើងគោរពតាមការសម្រេចចិត្តរបស់អ្នក ដែលបញ្ជាឱ្យកម្លាំងរបស់យើងចាកចេញ ដោយលោកពន្យល់ថា ដំណើរការនេះនឹងបណ្តាលឱ្យមានការប្រើឧទ្ធម្ភាគចក្រនៅច្រកចូល និងចេញពីតំបន់បៃតងរបស់ទីក្រុងបាកដាដជាពិសេសនៅពេលយប់ដោយមូលហេតុកម្លាំងចម្រុះព្យាយាមកាត់បន្ថយការរំខានដល់ជនស៊ីវិល។”

ដំបូងមានការភាន់ច្រលំមួយចំនួនទាក់ទងនឹងភាពត្រឹមត្រូវនៃលិខិតនេះដោយមន្ទីរបញ្ចកោណមិនបញ្ជាក់ថា វាជាលិខិតអ្វីពិតប្រាកដនោះទេ ប៉ុន្តែក្រោយមកមន្ត្រីផ្នែកកិច្ចការសាធារណៈរបស់កងទ័ពអាមេរិកលោកRick Dickson បញ្ជាក់ភ្លាមៗ ក្រោយពីមានព័ត៌មានបែកធ្លាយថា លិខិតនោះគឺជាលិខិតផ្លូវការ និងត្រឹមត្រូវ។

សភាអ៊ីរ៉ាក់អនុម័តសេចក្តីសម្រេចចិត្តមួយនៅថ្ងៃអាទិត្យដើម្បីបញ្ចប់វត្តមានរបស់កងទ័ពបរទេសណាមួយនៅលើទឹកដីអ៊ីរ៉ាក់ ដោយសារមានហេតុការណ៍ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនៅសប្តាហ៍មុនសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់លោកកាហ្ស៊ីម សូឡៃម៉ានី (Qassem Soleimani) និងមន្ត្រីជីវពល Shia អ៊ីរ៉ាក់មួយចំនួននៅព្រលានយន្តហោះអន្តរជាតិ បាដាដ។

ប្រធានាធិបតីអាមេរិកដូណាល់ត្រាំឆ្លើយតបដោយគម្រាមដាក់ទណ្ឌកម្ម និងអះអាងថា សហរដ្ឋអាមេរិកនឹងមិនចាកចេញទេរហូតដល់អ៊ីរ៉ាក់សងប្រាក់លើការខូចខាតមូលដ្ឋានអាកាសដែលលោកបញ្ចាក់ថាត្រូវចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីសាងសង់។

រដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo ច្រានចោលលើដំណោះស្រាយដែលមិនផ្លូវការ ដោយលោកលើកឡើងថា លោកមានជំនឿចិត្តថា ប្រជាជនអ៊ីរ៉ាក់ចង់អោយសហរដ្ឋអាមេរិកបន្តដើម្បីប្រយុទ្ធប្រឆាំងនឹងអពើរភេរវកម្ម។ កម្លាំងចម្រុះដឹកនាំដោយអាមេរិកត្រូវបានបញ្ជូនទៅប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ២០១៤ ដើម្បីជួយរដ្ឋាភិបាលនៅទីក្រុងបាដាដប្រឆាំងនឹងក្រុមភេរវកររដ្ឋអ៊ីស្លាម (IS អតីតក្រុមភេរវករ ISIS) ហើយក្រោយមកទឹកដីដែលអ៊ីស្លាមកាន់កាប់ទទួលបានការរំដោះ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here