មូលដ្ឋានយោធាចម្រុះអាមេរិកទទួលឥទ្ធិពលបន្ទាប់ពីការបាញ់រ៉ុក្កែតជាច្រើននៅតំបន់បៃតង

0

កម្លាំងចម្រុះដឹកនាំដោយអាមេរិកបញ្ជាក់ថា មូលដ្ឋានទ័ពរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់រងការវាយប្រហារក្រោយពីតំបន់បៃតងស្ថិតក្រោមការបាញ់ប្រហារពីគ្រាប់រ៉ុក្កែតនៅយប់ថ្ងៃសៅរ៍ ដោយមានការផ្ទុះជាច្រើនដងនៅក្បែរស្ថានទូតសហរដ្ឋអាមេរិក។កម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកនិយាយថា មូលដ្ឋានទ័ពរបស់ខ្លួននៅទីក្រុង Baghdad រងផលប៉ះពាល់ពីគ្រាប់រ៉ុក្កែតតូចៗជាច្រើននៅម៉ោងប្រហែល ៣និង ២៤នាទីព្រឹកម៉ោងក្នុងស្រុក។ ប្រភពបន្ថែមថា ការស៊ើបអង្កេតលើឧប្បត្តិហេតុកំពុងមានដំណើរការ។ ការវាយប្រហារនេះមិនបណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួសទេ។គេមិនទាន់ច្បាស់ទេថា ការិយាល័យ PMF រងការវាយប្រហារ ឬយ៉ាងណា។ ការវាយប្រហារនេះកើតឡើងចំពេលមានភាពតានតឹងកើនឡើងនៅក្នុងតំបន់កាន់តែធ្ងន់ធ្ងររវាងប្រទេសអ៊ីរ៉ង់និងសហរដ្ឋអាមេរិក។ សកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោនធ្វើឃាតឧត្តមសេនីយ៍អ៊ីរ៉ង់ម្នាក់នៅក្នុងការវាយប្រហារដោយប្រើយន្តហោះគ្មានមនុស្សបើកនៅថ្ងៃទី៣ ខែមករា បណ្តាលឱ្យមានការប្រហារឆ្លើយតបមួយសម្លាប់យោធាសហរដ្ឋអាមេរិកម្នាក់នៅមូលដ្ឋាន K-១ ដោយនៅទីតាំងដ្ឋាននោះមានកម្លាំងកងទ័ពអាមេរិកតាំងនៅ ដែលទីនោះស្ថិតនៅខាងក្រៅទីក្រុង Kirkuk ក្នុងប្រទេសអ៊ីរ៉ាក់នៅថ្ងៃទី២៧ខែធ្នូ។សហរដ្ឋអាមេរិកបន្ទោសការវាយប្រហារទៅលើក្រុម Kataib Hezbollah ហើយអាមេរិកទម្លាក់គ្រាប់បែកលើទីតាំងរបស់ក្រុមនោះសម្លាប់អ្នកប្រយុទ្ធយ៉ាងតិចចំនួន ២៥នាក់។ ក្រោយមក សមាជិកក្រុមសកម្មប្រយុទ្ធ និងប្រជាជនក្នុងតំបន់រៀបចំឡោមព័ទ្ធស្ថានទូតអាមេរិកនៅទីក្រុងបាកដាដ ដោយដុតនៅទីតាំងប៉ុស្តិ៍ឆែកឆេរក្នុងគោលបំណងប៉ុនប៉ងចូលបរិវេណដែលមានរបងរឹងមាំ។ ការសម្លាប់មេបញ្ជាការអ៊ីរ៉ង់លោក Qassem Soleimani ដែលសេតវិមានអះអាងថា មានទាក់ទងនឹងការវាយប្រហារកើតឡើងក្នុងប៉ុន្មានខែខាងមុខ ក៏ជាចំណែកធ្វើឱ្យមានជម្លោះរវាងទីក្រុងបាដាដ និងវ៉ាស៊ីនតោន ហើយសមាជិកសភាអ៊ីរ៉ាក់បោះឆ្នោតជាបន្តបន្ទាប់ដើម្បីបណ្តេញកងទ័ពអាមេរិកចេញពី​ប្រទេស។  ស្របពេលដែលរដ្ឋាភិបាលអ៊ីរ៉ាក់មិនទាន់អនុវត្តតាមការគំរាមកំហែង អង្គការណាតូប្តេជ្ញាពង្រីកប្រតិបត្តិការបណ្តុះបណ្តាលរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលត្រូវបានបញ្ឈប់ក្រោយពីមានការធ្វើឃាតលោក Soleimani ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here