យន្ដចម្បាំងស៊ីរីមួយគ្រឿងត្រូវកម្លាំងទួរគីបាញ់ទម្លាក់ពីលើអាកាសនៅខេត្ត Idlib ពេលយន្តចម្បាំងនោះកំពុងធ្វើប្រតិបត្តិការប្រឆាំងភេរវកម្ម នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី។ ឧប្បត្តិហេតុនេះកើតឡើងចំពេលមានជម្លោះកើនឡើងរវាងកងកម្លាំងស៊ីរី និងកម្លាំងទួរគីនៅក្នុងតំបន់។ក្រសួងការពារជាតិទួរគីសរសេរលើបណ្តាញ Twitter ថា កងកម្លាំងរបស់ពួកគេបាញ់ទម្លាក់យន្តហោះចម្បាំង L-៣៩ របស់ស៊ីរី។ យោងតាមសារព័ត៌មានរដ្ឋស៊ីរីបានឲ្យដឹង ថាយន្ដចម្បាំងស៊ីរ៉ី ត្រូវកម្លាំងទួរគីកំណត់គោលដៅនៅពេលវាកំពុងធ្វើប្រតិបត្តិការប្រឆាំងភេរវកម្មនៅក្នុងតំបន់នោះ។ប្រភពព័ត៌មានបន្ថែមទៀតថា យោធាទួរគីនិយាយថា ប្រតិបត្តិការរបស់ខ្លួននៅខេត្ត Idlib ដំណើរការដោយជោគជ័យ ដោយអះអាងថា ពួកគេបានបំផ្លាញរថក្រោះជាច្រើនគ្រឿង និងសម្ភារៈយោធាដទៃទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។ ក្រសួងការពារជាតិបន្ថែមទៀតថាពួកគេបង្ក្រាបទ័ពស៊ីរីចំនួន៣២៧នាក់ ។នៅថ្ងៃអាទិត្យ ក្រុង Damascus បិទដែនអាកាសរបស់ខ្លួននៅភាគពាយព្យនៃប្រទេស ហើយព្រមានថា ពួកគេនឹងបាញ់ទម្លាក់យន្ដហោះណាមួយដែលលុកលុយលើតំបន់។ ក្រោយពីធ្វើការព្រមានរួច ទីក្រុងមូស្គូប្រកាសថា ប្រព័ន្ធការពារអាកាសរបស់ខ្លួនមិនអាចធានាសុវត្ថិភាពរបស់យន្តហោះចម្បាំងទួរគីដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់នោះទេ។ជម្លោះនៅក្នុងខេត្ត Idlib ឈានដល់ចំណុចក្តៅនៅពីសប្តាហ៍មុន ក្រោយពីប្រទេសទួរគីអះអាងថា កងទ័ពរបស់ខ្លួនចំនួន ៣៤នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់ប្រទេសស៊ីរី ដែលបណ្តាលឱ្យមានការឆ្លើយតបផ្នែកយោធាពីទីក្រុងអានការ៉ា។ យោងតាមប្រភពព័ត៌មានយោធារុស្ស៊ី កងកម្លាំងទួរគីមានវត្តមាននៅក្បែរអង្គភាពភេរវករ ដែលរងការទម្លាក់គ្រាប់បែកពីក្រុង Damascus ហើយទីក្រុងអានការ៉ាមិនបានជូនដំណឹងដល់ទីក្រុងម៉ូស្គូឱ្យបានត្រឹមត្រូវអំពីចលនាកងទ័ពរបស់ខ្លួនជាមុន៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃ៣ ខែមីនា ឆ្នាំ២០២០









