យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បានឲ្យដឹងថាលោកស្រី Fatemeh Rahbar ដែលជាសមាជិកជាប់ឆ្នោតថ្មីនៃសភាអ៊ីរ៉ង់បានទទួលមរណភាពដោយសារជំងឺនេះ។ លោកស្រី Rahbar អាយុ ៥៦ ឆ្នាំទើបតែទទួលបានអាសនៈមួយនៅក្នុងសភានៅក្នុងការបោះឆ្នោតថ្មីៗនេះក្នុងខែកុម្ភៈ។ នាងបានធ្វើតេស្តិ៍វិជ្ជមានចំពោះមេរោគ Covid-19 កាលពីដើមសប្តាហ៍នេះ ហើយនាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យមួយនៅក្នុងទីក្រុងតេអេរ៉ង់។ទោះយ៉ាងណាស្ថានភាពរបស់នាងកាន់តែធ្ងន់ធ្ងរទៅៗ ហើយនាងបានសន្លប់បាត់ស្មារតីកាលពីថ្ងៃព្រហស្បតិ៍មុនពេលស្លាប់នៅថ្ងៃបន្ទាប់។ លោកស្រី Rahbarគឺជាអ្នកនយោបាយស្ត្រីដំបូងគេនៅក្នុងប្រទេសអ៊ីរ៉ង់ដែលបានស្លាប់ដោយសារជំងឺឆ្លងកូរ៉ូណាវីរុសនេះ។កាលពីថ្ងៃសុក្រនេះ ក្រសួងសុខាភិបាលអ៊ីរ៉ង់បានរាយការណ៍ថាចំនួនករណីដែលឆ្លងដោយបញ្ជាក់ថាបានកើនឡើងដល់ ១២៣៤ ករណីក្នុងរយៈពេលតែ ១ ថ្ងៃប៉ុណ្ណោះ ហើយញពេលនេះវាបានកើនឡើងដល់ជិត ៤៨០០ នាក់ហើយ។ ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងវីរុសកូរ៉ូណានេះបានកើនឡើងដល់ ១២៤ នាក់ក្នុងរយៈពេលដូចគ្នាផងដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២០









