ប្រធានាធិបតីអ៊ីរ៉ង់លោកហាសាន់ រ៉ូហានីនិយាយនៅថ្ងៃអង្គារនេះថា ប្រហែលជាពាក់កណ្តាលនៃបុគ្គលិករដ្ឋាភិបាលទាំងអស់កំពុងស្នាក់នៅក្នុងផ្ទះដែលជាផ្នែកមួយនៃវិធានការណ៍ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវីរុសកូរ៉ូណានេះ។ យោងតាមទូរទស្សន៍រដ្ឋឱ្យដឹងថាវិធានការណ៍មួយទៀតដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃមេរោគនេះ ការដោះលែងអ្នកទោសជាបណ្តោះអាសន្ននឹងត្រូវបានពន្យារពេលរហូតដល់ចុងខែនៃ Farvardin គឺប្រហែលជានៅថ្ងៃទី ១៨ ខែមេសាខាងមុខនេះ។
អ៊ីរ៉ង់គឺជាប្រទេសមួយដែលរងគ្រោះខ្លាំងជាងគេនៅបន្ទាប់ពីប្រទេសចិន។ អ្នកនាំពាក្យក្រសួងសុខាភិបាលលោក Kianoush Jahanpour និយាយនៅថ្ងៃអង្គារនេះថាចំនួនអ្នកស្លាប់ដោយសារការឆ្លងវីរុសកូរ៉ូណានេះបានកើនឡើងចំនួន ១២២ នាក់ក្នុងរយៈពេល ២៤ ម៉ោងកើនឡើងដល់ទៅចំនួន ១៩៣៤ នាក់។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រដកស្រង់សម្តីលោកដែលនិយាយថាចំនួនមនុស្សសរុបដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺនេះបានកើនឡើងចំនួន ១៧៦២ នាក់ក្នុងរយៈពេល ២៤ ម៉ោងទៅដល់ចំនួន ២៤៨១១ នាក់ហើយ៕

ប្រភព RT ចុះផ្សាយថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២០









