មេដឹកនាំបេសកកម្មសហរដ្ឋអាមេរិកនិយាយថា ទាហានណាតូចំនួន ៤ នាក់ធ្វើតេស្តឃើញវិជ្ជមានសម្រាប់វីរុស Covid-១៩ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈមនុស្សចំនួនជាច្រើននាក់ទៀតត្រូវបានដាក់ឱ្យនៅដោយឡែក ហើយពួកគេមានរោគសញ្ញាស្រដៀងនឹងអ្នកកើតវីរុសនេះ។ មន្រ្តីបេសសកម្មគាំទ្រការដោះស្រាយបញ្ហារបស់អង្គការណាតូនៅក្នុងប្រទេសអាហ្វហ្គានីស្ថានមានប្រសាសន៍នៅថ្ងៃអង្គារថា៖
“ព័ត៌មានអំពីទាហានដែលឆ្លងមេរោគទាំងបួននាក់ត្រូវគេបិទ រហូតទាល់មានព័ត៌មានសមស្របពីអាជ្ញាធរជាតិ”។
ទាហាន និងជនស៊ីវិលប្រហែលចំនួន ១,៥០០ នាក់ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគ្នាដែលនោះជាវិធានការបង្ការមួយ។ ពួកគេភាគច្រើនទៅដល់អាហ្វហ្គានីស្ថាននាពេលថ្មីៗនេះ ឬអ្នកខ្លះទើបវិលត្រឡប់ទៅវិញក្រោយពីថ្ងៃឈប់សម្រាក។ ក្នុងចំណោមបុគ្គលិកដែលដាក់ឱ្យនៅដោយឡែកពីគ្នាមានបុគ្គលិកចំនួន ៣៨នាក់ មានរោគសញ្ញាដូចជំងឺផ្តាសាយដែលជារឿយៗរោគសញ្ញានោះកើតមានចំពោះអ្នកជំងឺ Covid-១៩ ។
ថ្ងៃសុក្រ រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក Ryan McCarthy ប្រាប់អ្នកយកព័ត៌មានថា មនុស្សចំនួន ៤៥នាក់នៅក្នុងជួរកងទ័ពត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានផ្ទុកវីរុសកូរ៉ូណាដោយក្នុងនោះមានទាហានចំនួន ២១នាក់ ជនស៊ីវិលចំនួន ៦នាក់ សមាជិកគ្រួសារបុគ្គលិកចំនួន ៨នាក់ និងបុគ្គលិកជាប់កិច្ចសន្យាចំនួន ១០នាក់។
នៅខែមុន គ្រប់ទីតាំងយោធាអាមេរិកទាំងអស់នៅកូរ៉េខាងត្បូងត្រូវបានបិទ ក្រោយពីបុគ្គលិកម្នាក់នៅមូលដ្ឋានមួយធ្វើតេស្តវិជ្ជឃើញមានផ្ទុកវីរុស Covid-១៩ ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០









