ឯកអគ្គរដ្ឋទូតប្រទេសអ៊ីរ៉ង់ប្រចាំនៅប្រទេសជប៉ុនបានសង្កត់ធ្ងន់ៗ កាលពីថ្ងៃពុធថា របបរបស់សហរដ្ឋអាមេរិកមានការស្អប់ខ្ពើមចំពោះប្រទេសអ៊ីរ៉ង់ បានឈានដល់ដំណាក់កាលថ្មី នៃភេរវកម្មសុខភាពប្រឆាំងនឹងប្រទេសអ៊ីស្លាមមួយនេះហើយ។
យោងតាមសារព័ត៌មានអ៊ីរ៉ង់/អាស៊ី: ឯកអគ្គរដ្ឋទូតប្រទេសអ៊ីរ៉ង់ប្រចាំនៅប្រទេសជប៉ុន លោក Morteza Rahmani Movahed កាលពីថ្ងៃពុធទី ២៥ ខែមីនា បាននិយាយនៅឯក្លឹបសារព័ត៌មានជាតិរបស់ប្រទេសជប៉ុន (JNPC) ដែលជាព្រឹត្តិការណ៍មួយដែលមានការចូលរួមដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រព័ន្ធផ្សព្វផ្សាយប្រមាណ ៥០រូប និងអ្នកសារព័ត៌មាន រួមទាំងមន្ត្រីការទូតមកពីប្រទេសមួយចំនួនផងដែរនោះ បានលើកបញ្ហាចំៗចំពោះកិច្ចប្រឹងប្រែងរបស់ប្រទេសអ៊ីរ៉ង់ នៅក្នុងការប្រឈមមុខថ្មីជាមួយនឹងវីរុសកូរ៉ូណា ទោះបីជាមានការដាក់ទណ្ឌកម្មដ៏អមនុស្សធម៌ របស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ក៏ដោយ។
លោកបានបន្ថែមទៀតថា “ការដាក់ទណ្ឌកម្មខុសច្បាប់របស់សហរដ្ឋអាមេរិក ដែលរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងលក្ខន្តិកៈរបស់អង្គការសុខភាពពិភពលោក មិនត្រឹមតែរារាំងកិច្ចប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជួយប្រជាជនរងផលប៉ះពាល់ដោយសារជំងឺ និងវិធានការនៅទប់ស្កាត់ការរីករាលដាលនៃ COVID-១៩ នៅប្រទេសអ៊ីរ៉ង់នោះទេ ក៏ប៉ុន្តែវាក៏មានផលអវិជ្ជមាន និងផលវិបាក ដែលមិនអាចប្រកែកបាននៅថ្នាក់ជាតិ នៅក្នុងតំបន់ និងថ្នាក់អន្តរជាតិ សម្រាប់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់មេរោគដ៏កាចសាហាវមួយនេះផងដែរ”។
មន្ត្រីការទូតជាន់ខ្ពស់ប្រទេសអ៊ីរ៉ង់រូបនេះក៏បានសង្កត់ធ្ងន់ថា រាល់ការរឹតត្បិតលើការថែទាំសុខភាព គឺជាការរំលោភសិទ្ធិមនុស្ស ដោយនិយាយថា “ទោះបីមានប្រព័ន្ធសុខាភិបាលប្រទេសអ៊ីរ៉ង់ និងបុគ្គលិកពេទ្យមានប្រសិទ្ធភាពខ្ពស់ក៏ដោយ តែពួកគេនៅខ្វះខាតឧបករណ៍ពេទ្យ និងសាធាតុដែលត្រូវការចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងវីរុសកូរ៉ូណានេះផងដែរ”។
លោក Rahmani Movahed ក៏បានគូសបញ្ជាក់ផងដែរថា រដ្ឋាភិបាលប្រទេសអ៊ីរ៉ង់ បានទទួលយកប្រកបដោយតម្លាភាព និងលក្ខណៈធ្ងន់ធ្ងរនូវវិធានការណ៍ចាំបាច់នានានៅថ្នាក់ក្រោមជាតិ និងអនុស្សរណអន្តរជាតិ ដើម្បីប្រឆាំងនឹងវីរុសកូរ៉ូណា តែការអំពាវនាវឱ្យសហរដ្ឋអាមេរិកជួយប្រទេសអ៊ីរ៉ង់ គឺជាកត្តានៃភាពបរាជ័យ។
លោកបានសង្កត់ធ្ងន់ថា “អំពើបង្កសង្គ្រាមរបស់របបសហរដ្ឋអាមេរិក មកលើប្រជាជនអ៊ីរ៉ង់បានឈានដល់ដំណាក់កាលថ្មី នៃភេរវកម្មសុខភាពប្រឆាំងនឹងប្រទេសអ៊ីរ៉ង់”៕

ប្រភពព័ត៌មានពី IRAN PRESS NEWS AGENCY ចេញផ្សាយថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០









