ខ្មាន់កាំភ្លើង និងអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានសម្រុកចូលកិច្ចប្រជុំសាសនា Sikh នៅកណ្តាលទីក្រុងចាស់របស់ប្រទេសអាហ្គានីស្ថាននៅព្រឹកថ្ងៃពុធនេះ។ ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្សចំនួន ២៥នាក់ស្លាប់ និងមនុស្សចំនួន ៨នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារ។
យោងតាមប្រភពរបាយការណ៍បង្ហាញអោយដឹងថា អ្នកវាយប្រហារម្នាក់ត្រូវគេបាញ់សម្លាប់ ហើយអ្នកវាយប្រហារចំនួន ៣នាក់ផ្សេងទៀតប្រយុទ្ធជាមួយកងកម្លាំងសន្តិសុខ។
កម្លាំងការពារបានទៅដល់កន្លែងកើតហេតុ និងបិទទីកន្លែងគោរពបូជាដែលគេស្គាល់ថា “Gurdwara”និងប្រយុទ្ធដោយប្រើកាំភ្លើងជាមួយអ្នកវាយប្រហារ។ លោក Anikali Kaur Honaryar សមាជិកសភា Sikh នៃសភាអាហ្វហ្គានីស្ថានមានប្រសាសន៍ថា “ មានមនុស្សប្រហែលចំនួន ១៥០នាក់នៅខាងក្នុងព្រះវិហារ។ ក្រុមគ្រួសារជាច្រើនកំពុងរស់នៅទីនោះ ហើយពួកគេជួបជុំគ្នាដើម្បីអធិស្ឋាននៅពេលព្រឹក។” សមាជិករដ្ឋអ៊ីស្លាម (IS ពីមុនជា ISIS) អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។
Sikhs គឺជាជនជាតិភាគតិចខាងសាសនាតូចមួយនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដែលមានសមាជិកចំនួនតិចជាង ៣០០គ្រួសារ។ សហគមន៍ Sikh រងការកំណត់គោលដៅនៅឆ្នាំ២០១៨ នៅពេលដែលការបំផ្ទុះគ្រាប់បែកអត្តឃាតរបស់ក្រុមរដ្ឋអ៊ីស្លាមសម្លាប់មនុស្សច្រើនជាងចំនួន ១២នាក់នៅភាគខាងកើតទីក្រុងJalalabad នៃប្រទេសអាហ្វហ្គានីស្ថាន៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០









