គេរាយការណ៍ថា កម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសោឌី ទទួលយកកិច្ចព្រមព្រៀងឈប់បាញ់គ្នានៅប្រទេសយេម៉ែនរយៈពេល ៥ឆ្នាំគិតចាប់ពីថ្ងៃចាប់ផ្តើមអន្តរាគមន៍នៅទីនោះដែលនោះជាផ្នែកមួយនៃការអំពាវនាវរបស់អង្គការសហប្រជាជាតិសុំឱ្យមានបទឈប់បាញ់ជាសកលក្នុងអំឡុងពេលមានជំងឺរាតត្បាត Covid-១៩។
លោក Riyadh សំរេចចិត្តទទួលយកបទឈប់បាញ់គ្នា ដោយក្រុមគាំទ្រអារ៉ាប៊ីសោឌីរបស់ប្រធានាធិបតីដែលគេបណ្តេញចេញពីតំណែងលោក Abdrabbuh Mansour Hadi និងក្រុមឧទ្ទាម Houthi បានគ្រប់គ្រងរដ្ឋធានីចាប់តាំងពីខែមករា ឆ្នាំ២០១៥។
ប្រធានគណៈកម្មាធិការបដិវត្តកំពូលរបស់ក្រុមឧទ្ទាម Houthi លោក Mohammed Alial-Houthi បានស្វាគមន៍ចំពោះការគាំទ្ររបស់លោក Riyadh លើបទឈប់បាញ់ដោយបង្ហាញក្តីសង្ឃឹមនៅលើសារធ្វីតធឺមួយនៅថ្ងៃពុធថា វានឹងប្រែក្លាយទៅជាការអនុវត្ត។ គេនៅតែមើលឃើញថា បទឈប់បាញ់នឹងត្រូវធ្វើឡើង ឬយ៉ាងណា ចាប់តាំងពីធ្លាប់មានការប៉ុនប៉ងមុនៗរបស់អង្គការសហប្រជាជាតិរួចមកហើយ។ នៅក្នុងការបង្ហោះសារមុនៗ លោក al-Houthi ធ្លាប់ស្តីបន្ទោសលើកម្លាំងចម្រុះដឹកនាំដោយប្រទេសអារ៉ាប់ប៊ីសោឌី ដោយនិយាយថា ពួកគេបានបង្កើនការវាយប្រហារលើប្រទេសយេម៉ែនចាប់តាំងពីមានការអំពាវនាវដំបូងរបស់អង្គការសហប្រជាជាតិ ដោយបើកការវាយឆ្មក់តាមអាកាសប្រហែលចំនួន ៤០លើក។
លោក Martin Griffiths អ្នកតំណាងពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសយេម៉ែនបានអំពាវនាវឲ្យមានបទឈប់បាញ់គ្នាមួយនៅសប្តាហ៍មុន ហើយអគ្គលេខាធិការលោក Antonio Guterres បានផ្ញើលិខិតមួយច្បាប់ទៀតទៅភាគីជម្លោះនៅថ្ងៃពុធដោយអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវអរិភាព។
នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ ប្រទេសអារ៉ាប៊ីសោឌី និងសម្ព័ន្ធមិត្តបានធ្វើអន្តរាគមន៍នៅក្នុងប្រទេសយេម៉ែនដំបូងដោយធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមឧទ្ទាមHouthi និងក្រោយមកទៀតប្រយុទ្ធជាមួយនឹងកម្លាំងមូលដ្ឋាន។ ទោះបីជាមានគុណសម្បត្តិច្រើនលើសលុបសរសេរលើក្រដាសក៏ដោយ ក៏ក្រុមចម្រុះមិនអាចកម្ចាត់ក្រុមHouthi បានទាំងស្រុងដែរ និងបើទោះបីជាសង្គ្រាមបានបង្កឱ្យកើតមានទុក្ខវេទនាដល់ជនស៊ីវិលយ៉ាងសម្បើមនៅក្នុងប្រទេសក្រីក្រនៅចុងខាងត្បូងនៃឧបទ្វីបអារ៉ាប់ក៏ដោយ។
របាយការណ៍របស់អង្គការសហប្រជាជាតិប៉ាន់ប្រមាណថា នៅចុងឆ្នាំ២០១៩ ប្រជាជនក្នុងប្រទេសយេម៉ែនមានច្រើនជាង១០ម៉ឺននាក់ស្លាប់ដែលនោះជាលទ្ធផលនៃការប្រយុទ្ធគ្នា និងមានមនុស្សចំនួន ១៣០,០០០នាក់ទៀតបានស្លាប់ដោយសារគ្រោះទុរ្ភិក្ស និងជំងឺនៅក្នុងប្រទេសមានចំនួនប្រមាណ ៣០លាននាក់។
សហរដ្ឋអាមេរិកបានផ្តល់ការគាំទ្រខាងផ្នែកដឹកជញ្ចូនដល់សម្ព័ន្ធមិត្តអារ៉ាប៊ីសោឌីដោយចោទប្រកាន់លើក្រុម Houthi ថា ជាក្រុមបណ្តាញរបស់ប្រទេសអ៊ីរ៉ង់។ អ្នកទាំងពីរជាអ្នកកាន់សាសនាអ៊ីស្លាមShia។ ការប៉ុនប៉ងរបស់សភាអាមេរិកដើម្បីកំរិតការចូលរួមនៅក្នុងប្រទេសយេម៉ែនមិនមានបំណងដើម្បីយកឈ្នះលើសិទ្ធិវ៉េតូ(veto) របស់ប្រធានាធិបតីឡើយ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០









