យោធាបារាំងប្រកាសថា ទីក្រុងប៉ារីសនឹងដកកងទ័ពរបស់ខ្លួនទាំងអស់ដែលកំពុងឈរជើងនៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយសារតែមានការព្រួយបារម្ភអំពីការរីករាលដាលនៃវីរុសCovid-១៩។
តាមការបញ្ជាក់របស់ក្រសួងការពារជាតិថ្ងៃពុធមានសេចក្តីថា “ប្រទេសបារាំងបានធ្វើការសំរេចចិត្តធ្វើមាតុភូមិនិវត្តន៍យោធា រហូតដល់មានការជូនដំណឹងបន្ថែមទៀតថា បុគ្គលិករបស់ខ្លួនត្រូវពង្រាយនៅក្នុងប្រតិបត្តិការ Chammal ក្នុងប្រទេសអ៊ីរ៉ាក់។ លោកបន្ថែមថា កងទ័ពប្រហែលចំនួន ១០០នាក់ស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយនឹងបន្តធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងរដ្ឋអ៊ីស្លាម (IS ពីមុនជាគឺ ISIS)។
លោក Abdul-Karim Khalaf អ្នកនាំពាក្យនាយករដ្ឋមន្ត្រីលោក Adil Abdul-Mahdi ប្រាប់កាសែត Al-Sabah នៅថ្ងៃពុធថា កងទ័ពបារាំងបានចាកចេញពីប្រទេសអ៊ីរ៉ាក់រួចហើយ។ ចាប់ពីឆ្នាំ២០១៤ ប្រតិបត្តិការ Chammal របស់ប្រទេសបារាំងបានលាតសន្ធឹងទាំងនៅប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី និងមានគោលបំណងបញ្ឈប់ការរីករាលដាលនៃក្រុមភេរវករ ‘caliphate’ នៅក្នុងប្រទេសទាំងពីរ និងបញ្ជូនកងទ័ពជើងគោកមួយចំនួនទៅប្រទេសអ៊ីរ៉ាក់។
នៅសប្តាហ៍មុន ចក្រភពអង់គ្លេសក៏បានប្រមូលកងទ័ពបណ្តោះអាសន្នពីប្រទេសអ៊ីរ៉ាក់ជុំវិញការផ្ទុះឡើងនៃវីរុសកូរ៉ូណាដោយបន្សល់ទុកតែបុគ្គលិកយោធាសំខាន់ៗនៅក្នុងប្រទេសអ៊ីរ៉ាក់ដើម្បីគាំទ្ររដ្ឋាភិបាលបាកដាដ និងដៃគូក្រុមចម្រុះប្រឆាំងនឹងឧទ្ទាម IS ។
យោធាឆែក(Czech) បានប្រកាសដកកងទ័ពនៅព្រឹកថ្ងៃពុធ ដោយសំអាងលើហេតុផលដូចគ្នា(ការរាតត្បាតពីវីរុស) ដោយនាំទាហានចំនួន ៣០នាក់ដែលជាគ្រូបង្គោលបង្វឹកកងទ័ពអ៊ីរ៉ាក់ឱ្យត្រឡប់ទៅផ្ទះវិញ។
ខណៈដែលប្រទេសអ៊ីរ៉ាក់រកឃើញករណីមេរោគ Covid-១៩ ចំនួន ៣៤៦ករណី ប្រទេសបារាំងមានការឆ្លងកើនឡើងដល់ទៅជាង ២៥,០០០នាក់ ដោយមានមនុស្សស្លាប់ចំនួនច្រើនជាង ១,៣០០ នាក់ បានធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសនៅអ៊ឺរ៉ុបដែលរងការវាយប្រហារពីវីរុសកូរ៉ូណា។ វីរុសនេះឆ្លងរាលដាលដល់មនុស្សច្រើនជាង ៤៦០,០០០នាក់នៅទូទាំងពិភពលោកចាប់តាំងពីមានការផ្ទុះឡើងដំបូងនៅចុងឆ្នាំមុន និងបានសម្លាប់មនុស្សចំនួន ២០,៨៥៧នាក់។
ការដកទ័ពចេញនេះធ្វើឡើងនៅពេលបារាំងពង្រាយកងទ័ពនៅតាមព្រំដែនរបស់ខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសមួយប្រភេទទៀត ដោយប្រធានាធិបតីលោក Emmanuel Macron បានប្រកាសពីការចាប់ផ្តើមធ្វើប្រតិបត្តិការ“ប្រតិបត្តិការអំណត់(Operation Resilienc)” នៅថ្ងៃពុធ។ លោក Macro មានប្រសាសន៍ថា បេសកកម្មនេះនឹងបង្ហាញពីសកកម្មភាពរបស់ទាហានបារាំងជួយដល់វិស័យសុខភាព ភស្តុភារ និងកិច្ចការពារ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទូទាំងប្រទេសដើម្បីបញ្ឈប់ការរីករាលដាលនៃការឆ្លងរាលដាលនៃវីរុស ហើយពួកគេនឹងលះបង់ទាំងស្រុងដើម្បីជួយ និងគាំទ្រដល់ប្រជាជន៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០









