សារព័ត៌មានរ៉យទ័រដកស្រង់សំដីក្រុមយុទ្ធជន និងអ្នកស្រុកថា ការប្រយុទ្ធជាច្រើនបានផ្ទុះឡើងនៅក្នុងប្រទេសលីប៊ីកាលពីថ្ងៃសុក្រនេះបន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកយ៉ាងខ្លាំងមួយនៅក្នុងក្រុងទ្រីប៉ូលី។ សង្គ្រាមដ៏ធ្ងន់ធ្ងរនេះបន្តកើតឡើងវិញនៅសប្តាហ៍នេះទោះបីមានការអំពាវនាវជាអន្តរជាតិសុំឱ្យមានភាពស្ងប់ស្ងាត់ដើម្បីអនុញ្ញាតឱ្យប្រព័ន្ធសុខាភិបាលដែលខ្ទេចខ្ទីរបស់លីប៊ីត្រៀមសម្រាប់ការរីករាលដាលនៃវីរុសកូរ៉ូណានេះ។ ប្រទេសលីប៊ីបញ្ជាក់ពីករណីឆ្លងដំបូងរបស់ខ្លួនកាលពីថ្ងៃច័ន្ទនេះផងដែរ។កងទ័ពជាតិលីប៊ី (LNA) នៃមេបញ្ជាការ Khalifa Haftar ដែលមានមូលដ្ឋាននៅភាគខាងកើតបានវាយលុកក្រុងទ្រីប៉ូលីអស់រយៈពេលជិតមួយឆ្នាំហើយដោយសង្ឃឹមថានឹងដណ្តើមបានរដ្ឋធានីនៅភាគពាយព្យនោះ។អង្គការសហប្រជាជាតិនិយាយថាការហាមឃាត់អាវុធនៅប្រទេសលីប៊ីត្រូវបានរំលោភជាប្រចាំដោយអាវុធ និងអ្នកប្រយុទ្ធបរទេសដែលបានមកដល់ប្រទេសនេះដើម្បីចូលរួមជាមួយភាគីទាំងពីរនេះ។ កាលពីថ្ងៃព្រហស្បតិ៍នេះ សហភាពអ៊ឺរ៉ុបនិយាយថាខ្លួននឹងចាប់ផ្តើមបេសកកម្មកងទ័ពជើងទឹក និងអាកាសថ្មីមួយដើម្បីបញ្ឈប់ការរំលោភលើការហាមឃាត់បន្ថែមទៀតផងដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២០









