ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រផ្សាយនៅថ្ងៃសុក្រនេះនេះដោយដកស្រង់សំដីក្រសួងមហាផ្ទៃថា ទីក្រុងអង់ការ៉ាបញ្ជូនជនចំណាកស្រុកប្រមាណ ៦០០០ នាក់ដែលកំពុងរង់ចាំនៅព្រំដែនប្រទេសទួរគី – ក្រិកដើម្បីឆ្លងចូលសហភាពអឺរ៉ុបទៅកាន់ទីក្រុងនានាក្នុងប្រទេសនេះ។ នេះគឺជាផ្នែកមួយនៃវិធានការណ៍ដើម្បីការពារការរីករាលដាលនៃការឆ្លងវីរុសកូរ៉ូណា។ ទីភ្នាក់ងារសារព័ត៌មាន Anadolu រាយការណ៍ថាជនចំណាកស្រុកដែលកំពុងរង់ចាំនៅច្រកព្រំដែនក្នុងខេត្ត Edirne ត្រូវបានដឹកតាមរថយន្តក្រុងទៅកាន់ផ្ទះស្នាក់នៅរបស់រដ្ឋដែលពួកគេទុកសម្រាប់ការដាក់បង្ខាំងខ្លួននោះ។ ពួកគេនឹងត្រូវផ្លាស់ទៅតំបន់ផ្សេងទៀតក្នុងប្រទេសទួរគីនៅក្នុងអំឡុងពេលនៃការដាក់ឱ្យនៅដាច់ពីគេនេះ។
ជនចំណាកស្រុករាប់ពាន់នាក់ប្រមូលផ្តុំគ្នាគ្នានៅព្រំដែនឆ្លងកាត់ជាមួយប្រទេសក្រិកដែលជាសមាជិកសហភាពអឺរ៉ុបបន្ទាប់ពីប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan ប្រកាសកាលពីខែមុនថា ប្រទេសរបស់លោកនឹងមិនរារាំងជនភៀសខ្លួន និងជនចំណាកស្រុកផ្សេងទៀតដែលចង់ធ្វើដំណើរទៅកាន់ប្រទេសសហភាពអឺរ៉ុបទៀតទេ។ ការប៉ះទង្គិចដោយហិង្សាផ្ទុះឡើងរវាងជនចំណាកស្រុក និងអាជ្ញាធរព្រំដែនក្រិកដែលព្យាយាមរុញច្រានពួកគេត្រឡប់មកវិញ។ ទីភ្នាក់ងារព័ត៌មាន AP និយាយថារហូតមកដល់ពេលនេះ ប្រទេសទួរគីរាយការណ៍ថាវាមានអ្នកស្លាប់ ៧៥ នាក់ដែលទាក់ទងនឹងវីរុសកូរ៉ូណាថ្មីនេះ និងមានការឆ្លងដល់ទៅ ៣៦២៩ ករណី ។ គេមិនច្បាស់ទេថាតើជនចំណាកស្រុកណាខ្លះដែលនៅឯព្រំដែនបានឆ្លងវីរុសនោះ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២០









