កម្លាំងទ័ពសហរដ្ឋអាមេរិក និងកងកម្លាំងចម្រុះបានចាកចេញពីមូលដ្ឋានមួយនៅក្រុងKirkuk ក្នុងប្រទេសអ៊ីរ៉ាក់ និងបានផ្តល់សម្ភារៈដែលមានតម្លៃចំនួនរាប់លានដុល្លារដល់កងកម្លាំងអ៊ីរ៉ាក់។ ទោះយ៉ាងណា ការដកកម្លាំងទាំងស្រុង ដែលជាការទាមទារពីរដ្ឋាភិបាលអ៊ីរ៉ាក់នៅតែមានវិធានការណ៍ត្រូវធ្វើបន្ត។ជាមួយនឹងការរាតត្បាតនៃមេរោគ Covid-១៩ មូលដ្ឋានទ័ពអាមេរិកមានសភាពស្ងប់ស្ងាត់ដោយសារការចាកចេញរបស់កងកម្លាំងអាមេរិក។ ទោះបីជាមានការទទូចពីប្រធានាធិបតី លោក Donald Trump មិនទាន់ឱ្យកងទ័ពចាកចេញពីមូលដ្ឋានទ័ពនៅក្នុងប្រទេសអ៊ីរ៉ាក់ ក្រោយពីមានការប៉ះទង្គិចជាបន្តបន្ទាប់ជាមួយកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ក៏ដោយ កម្លាំងចម្រុះទាំងនោះបានចាប់ផ្តើមដកខ្លួនចេញពីមូលដ្ឋានចំនួន៣ក្នុងខែនេះ។
ការដកទ័ពលើកទីបីចេញពីមូលដ្ឋាន K១ Airbase នៅជិតទីក្រុង Kirkuk ត្រូវបានប្រកាសដោយអ្នកនាំពាក្យចម្រុះលោកវរសេនីយ៍ឯក Myles Caggins នៅថ្ងៃអាទិត្យ។ ការប្រកាសដកទ័ពនោះធ្វើឡើងដោយអះអាងថា គោលដៅរបស់កម្លាំងចម្រុះក្នុងការកម្ចាត់រដ្ឋអ៊ីស្លាម (IS ពីមុនជា ISIS) គឺទទួលបានជោគជ័យ។ ទាហាន និងនាវិកចម្រុះចំនួន៣០០នាក់ក្នុងមូលដ្ឋាននឹងផ្លាស់ប្តូរទីតាំងទៅទីតាំងផ្សេងទៀតដើម្បីបន្តភាពជាដៃគូប្រឆាំងនឹង ISIS។ការវាយប្រហាររបស់កម្លាំងជីវពលដោយប្រើគ្រាប់រ៉ុក្កែតទៅលើមូលដ្ឋានអីរ៉ាក់នៅខែធ្នូបានសម្លាប់មន្ត្រីកិច្ចសន្យាអាមេរិកម្នាក់ និងបង្កឱ្យមានការវាយប្រហារជាបន្តបន្ទាប់នៅខែមករា បណ្តាលឱ្យឈានដល់មានការធ្វើឃាតឧត្តមសេនីយ៍អ៊ីរ៉ង់លោកQassem Soleimani ។ ការសម្លាប់លោក Soleimani និងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានអាមេរិកមួយទៀតបានធ្វើឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឈានដល់ដំណាក់កាលកើតសង្គ្រាមដោយបើកចំហ។ឥឡូវនេះសហរដ្ឋអាមេរិកកំពុងបោះបង់ចោលមូលដ្ឋានជាច្រើន។ នៅដើមខែនេះ មូលដ្ឋាននៅក្រុង Qaim និង Qayyarah ជាចំណុចផ្ទុះឡើងនៃការប៉ះទង្គិចជាមួយកងជីវពលមានការគាំទ្រពីអ៊ីរ៉ង់ត្រូវបានទុកចោលឱ្យនៅទំនេរ ហើយកងទ័ពសហរដ្ឋអាមេរិកនឹងដកខ្លួនចេញពីទីតាំងជាច្រើនទៀតនៅឆ្នាំនេះ។នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Adil Abdul Mahdi បានស្នើជាផ្លូវការឲ្យសហរដ្ឋអាមេរិកដកកម្លាំងរបស់ខ្លួនចេញពីប្រទេសរបស់លោកនៅក្នុងខែមករា ក្រោយពីមានករណីសម្លាប់លោក Soleimani និងការប្រឈមមុខគ្នាជាបន្តបន្ទាប់ជាមួយប្រទេសអ៊ីរ៉ង់។ ទីក្រុងវ៉ាស៊ីនតោនបានបដិសេធចំពោះការទាមទារនេះ។ ទោះបីជាមានករណីបោះបង់មូលដ្ឋានទ័ពជាច្រើនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយក៏ការដកទ័ពពេញលេញចេញពីប្រទេសអ៊ីរ៉ាក់នៅមិនទាន់មាននៅឡើយ។ផ្ទុយទៅវិញ កងទ័ពដែលចាកចេញពីទីតាំងនោះទៅបោះទីតាំងនៅក្នុងទីក្រុងបាកដាដ និងនៅមូលដ្ឋាន Ain Al-Asad Airbase មានចម្ងាយ ១០០ ម៉ាយល៍ (១៦០ គីឡូម៉ែត្រ) ពីភាគខាងលិចនៃរដ្ឋធានី។ យោងតាមប្រភពព័ត៌មានពីអ៊ីរ៉ង់ កងទ័ពអាមេរិកនៅមូលដ្ឋាន Ain Al-Asad បានចាប់ផ្តើមសាងសង់អាកាសយានដ្ឋានរួចហើយ និងបានបង្កើនការយាមល្បាតនៅវាលខ្សាច់នៅជុំវិញនោះដោយលើកឡើងថា ជនជាតិអាមេរិកអាចនឹងឈរជើងក្នុងប្រទេសអ៊ីរ៉ាក់នាពេលក្រោយ។មានកម្លាំងចម្រុះប្រហែល ៧,៥០០នាក់ដែលមាននៅមូលដ្ឋានក្នុងប្រទេសអ៊ីរ៉ាក់ដោយក្នុងក្នុងនោះមានមនុស្សចំនួន ៥,០០០នាក់ជាកងទ័ពអាមេរិក។ គេមិនច្បាស់ទេថា ការដកកម្លាំងចុងក្រោយនឹងឃើញថា ចំនួននេះថយចុះ ឬយ៉ាងណា៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០









