យន្តហោះយោធារុស្ស៊ីមួយគ្រឿងដែលដឹកសម្ភារៈផ្គត់ផ្គង់ចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណាបានចុះចតនៅទីក្រុងញូវយ៉ក។ ការដឹកជញ្ជូនធ្វើឡើងក្រោយពីប្រធានាធិបតីលោកត្រាំ បានទទួលយកការផ្តល់ជំនួយពីលោក Vladimir Putin ។
យន្ដហោះបានហោះហើរចម្ងាយប្រហែល៨០០០គីឡូម៉ែត្រប្រើរយៈពេលមួយយប់បានចុះចតនៅក្នុងទីក្រុងដែលរងផលប៉ះពាល់ពីវីរុសកូរ៉ូណាដ៏អាក្រក់បំផុតនៅសហរដ្ឋអាមេរិក។ ទំនិញនេះមានម៉ាសការពារមុខក៏ដូចជាឧបករណ៍វេជ្ជសាស្ត្រផ្សេងៗទៀត។
ការប្រគល់នេះមានកិច្ចព្រមព្រៀងគ្នាពីប្រធានាធិបតីរុស្ស៊ី និងសហរដ្ឋអាមេរិកក្នុងកំឡុងពេលជជែកគ្នាតាមទូរស័ព្ទ។ យោងតាមសេវាកម្មសារព័ត៌មានវិមានក្រឹមឡាំងបានឱ្យដឹងថា លោក Vladimir Putin និងលោក Trump បានពិភាក្សាអំពីការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺ កូវីដ-១៩ ក៏ដូចជាការខ្វះខាតឧបករណ៍សំខាន់ដើម្បីការពារនៅសហរដ្ឋអាមេរិក។
ទីក្រុងមូស្គូនិយាយថា ពួកគេបានសំរេចចិត្តជួយសហរដ្ឋអាមេរិកចាប់តាំងពីជំងឺរាតត្បាតបានឆ្លងរាលដាលប៉ះពាល់ដល់មនុស្សគ្រប់គ្នាដោយគ្មានការលើកលែង និងមានលក្ខណៈជាសាកល។ លោកត្រាំ បានពណ៌នាជំនួយនោះថា ជាជំនួយដ៏ល្អ និងច្រើនសន្ធឹកដែលទទួលបានពីប្រទេសរុស្ស៊ី៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១ ខែមេសា ឆ្នាំ២០២០









