លោក Martin Griffiths អ្នកតំណាងអង្គការសហប្រជាជាតិប្រចាំនៅប្រទេសយេម៉ែនមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថា លោកបានចូលរួមនៅក្នុងកិច្ចពិភាក្សាជាមួយភាគីសង្គ្រាមរបស់ប្រទេសដើម្បីធានាឱ្យមានបទឈប់បាញ់នៅទូទាំងប្រទេស ដើម្បីជួយទប់ទល់នឹងការគំរាមកំហែងពីមេរោគ។ ការិយាល័យអ្នកតំណាងនិយាយថា លោកកំពុងពិភាក្សាអំពីជំហ៊ានដ៏ជាក់លាក់ជាមួយភាគីសង្គ្រាម ទោះបីជម្លោះរយៈពេលយូរកាន់តែតឹងតែងក៏ដោយ។
រហូតមកដល់ពេលនេះប្រទេសយេម៉ែនមិនទាន់មានករណីមេរោគ COVID-១៩ កើតឡើងនោះទេ។ ទោះយ៉ាងណាក្រុមអ្នកផ្តល់ជំនួយមានការព្រួយបារម្ភថា នៅពេលវាកើតមែន ឬប្រសិនបើមេរោគវាយប្រហារនោះ វានឹងក្លាយជាគ្រោះមហន្តរាយសម្រាប់ប្រទេសមួយដែលកំពុងប្រឈមនឹងវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក។ រដ្ឋាភិបាលយេម៉ែន និងក្រុមឧទ្ទាម Houthi ឆ្លើយតបជាវិជ្ជមានចំពោះការស្នើនេះ រួមជាមួយប្រទេសអារ៉ាប់ប៊ីសោឌីដែលដឹកនាំសម្ព័ន្ធយោធាគាំទ្ររដ្ឋាភិបាល៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២ ខែមេសា ឆ្នាំ២០២០









