ការរឹតបន្តឹងថ្មីដើម្បីកំណត់ទប់ទល់ទៅនឹងការរីករាលដាលនៃមេរោគកូវីដ១៩ ត្រូវបានប្រកាសដោយប្រធានាធិបតីប្រទេសទួរគីលោក Recep Tayyip Erdogan រួមទាំងការបិទព្រំប្រទល់ទីក្រុងចំនួន ៣១ មិនអោយយានយន្តធ្វើដំណើរលើកលែងតែអ្នកផ្គត់ផ្គង់សំខាន់ៗសម្រាប់រយៈពេល ១៥ ថ្ងៃ។
លោក Erdogan បន្ថែមថាម៉ាសត្រូវតែពាក់នៅកន្លែងដែលមានមនុស្សច្រើន។ ប្រជាជនទួរគីដែលមានអាយុលើសពី ៦៥ ឆ្នាំ និងអ្នកដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរត្រូវបានគេប្រាប់ឱ្យស្នាក់នៅក្នុងផ្ទះហើយឥឡូវនេះការបញ្ជានេះត្រូវបានពង្រីកដល់មនុស្សដែលមានអាយុក្រោម ២០ ឆ្នាំផងដែរ។ វិធានការណ៍ថ្មីនេះចាប់ផ្តើមនៅពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រនេះ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃប្រទេសនេះនិយាយនៅមុននេះថាចំនួនអ្នកស្លាប់ដោយសារការផ្ទុះឡើងនៃមេរោគកូវីដ ១៩ នេះបានកើនឡើងពី ៦៩ នាក់ដល់ ៤២៥ នាក់ខណៈដែលចំនួនករណីអ្នកឆ្លងគឺជិត ២១០០០ នាក់។ រហូតមកដល់ពេលនេះទីក្រុងអ៊ីស្តង់ប៊ុលមានចំនួនករណីខ្ពស់បំផុតគឺជាង ១២២០០ នាក់៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២០









