ក្រុមតាលីបង់និយាយថា កិច្ចព្រមព្រៀងសន្តិភាពរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកជិតឈានដល់ចំណុចបែកបាក់។ ភ្នាក់ងារព័ត៌មាន AP ផ្សាយថា ក្រុមនេះបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនពីការបំពានផ្សេងៗរួមមានការវាយប្រហារដោយប្រើយន្តហោះគ្មានមនុស្សបើកលើជនស៊ីវិល និងធ្លាប់ស្តីបន្ទោសលើរដ្ឋាភិបាលអាហ្វហ្គានីស្ថានចំពោះការពន្យារពេលដោះលែងអ្នកទោសតាលីបង់ចំនួន ៥,០០០នាក់ដែលសន្យានៅក្នុងកិច្ចព្រមព្រៀង។
ក្រុមសកម្មប្រយុទ្ធនិយាយថា ពួកគេបានរឹតត្បិតការវាយប្រហារប្រឆាំងនឹងកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានពីទីប្រជុំជនដល់តាមជនបទ ហើយពួកគេមិនបានធ្វើការវាយប្រហារទៅលើកងកម្លាំងអន្តរជាតិ ឬក៏មិនបានវាយប្រហារលើកងកម្លាំងអាហ្វហ្គានីស្ថាននៅក្នុងទីក្រុង ឬលើដំណើរការរៀបចំកម្លាំងយោធាដែរ។យោងតាមប្រភពព័ត៌មានពីក្រុមតាលីបង់បានអោយដឹងថា ការរឹតបណ្តឹងចំពោះការវាយប្រហារមិនបានត្រូវបានកំណត់ ជាពិសេសមិនមានបញ្ជាក់ច្បាស់លាស់នៅក្នុងកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកដែលចុះហត្ថលេខានៅខែកុម្ភៈនោះទេ។ សេចក្តីថ្លែងការណ៍របស់ពួកគេចេញនៅថ្ងៃអាទិត្យនេះបានព្រមានអំពីការប្រើអំពើហិង្សាបន្ថែមទៀតប្រសិនបើសហរដ្ឋអាមេរិក និងរដ្ឋាភិបាលអាហ្វហ្គានីស្ថានបន្តធ្វើការបំពានលើកិច្ចព្រមព្រៀងនេះ។
អ្នកនាំពាក្យយោធាអាមេរិកលោកវរសេនីយ៍ឯក Sonny Leggett ផុសនៅក្នុងបណ្តាញ Tweet មួយមានសេចក្តីថា កម្លាំងយោធាអាមេរិកនៅប្រទេសអាហ្វហ្គានីស្ថានបានគាំទ្រ និងបន្តគោរពលក្ខខណ្ឌយោធានៃកិច្ចព្រមព្រៀង [រវាងសហរដ្ឋអាមេរិក និងតាលីបង់] ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០









