អ្នកតំណាងពិសេសសហរដ្ឋអាមេរិកដែលបានចរចាលើកិច្ចព្រមព្រៀងជាមួយក្រុមតាលីបង់និយាយថា ការផ្លាស់ប្តូរទណ្ឌិតដំបូងរវាងក្រុមបះបោរ និងរដ្ឋាភិបាលអាហ្វហ្គានីស្ថានគឺជាជំហានសំខាន់មួយឆ្ពោះទៅរកសន្តិភាព។
យោងតាមគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបានឱ្យដឹងថា នៅថ្ងៃអាទិត្យក្រុមតាលីបង់ដោះលែងអ្នកទោសអាហ្វហ្គានីស្ថានចំនួន២០នាក់។ ចំណាត់ការនេះធ្វើឡើងក្រោយពីនៅសប្តាហ៍មុនរដ្ឋាភិបាលបានដោះលែងក្រុមអ្នកបះបោរចំនួនរាប់រយនាក់។
អ្នកតំណាងពិសេសនៅប្រទេសអាហ្វាហ្គានីស្ថានលោក Zalmay Khalilzad បានសរសេរនៅថ្ងៃចន្ទថា “ការដោះលែងអ្នកទោសគឺជាវិធីដ៏សំខាន់មួយក្នុងការស្វែងរកសន្តិភាព និងកាត់បន្ថយអំពើរហិង្សា ។ “ភាគីទាំងពីរគួរតែពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីសំរេចគោលដៅដែលបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងក្រុមតាលីបង់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។”
លោកបន្ថែមថា ការផ្លាស់ប្តូរនេះមានសារៈសំខាន់ជាងពេលណាៗទាំងអស់ដោយប្រជាជនក្នុងពន្ធនាគាររងការគំរាមកំហែងពីការផ្ទុះឡើងនៃមេរោគកូវីដ១៩។ រដ្ឋបាលក្រុងកាបុល( Kabul) និយាយថា ឥឡូវនេះពួកគេបានដោះលែងអ្នកទោសតាលីបង់ដែល ប្រឈមហានិភ័យទាបចំនួន៣០នាក់ ដោយពួកគេបានសន្យាថា នឹងមិនវិលត្រឡប់ចូលទៅក្នុងការប្រយុទ្ធវិញទេ។
ក្រុម Khalilzad និងក្រុមតាលីបង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅថ្ងៃទី២៩ ខែកុម្ភៈ បានត្រួសត្រាយផ្លូវដើម្បីឱ្យកម្លាំងសហរដ្ឋអាមេរិក និងកងកម្លាំងបរទេសផ្សេងទៀតចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ដែលជាថ្នូរនឹងការប្តេជ្ញាចិត្តរបស់ក្រុមបះបោរ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៣ ខែមសា ឆ្នា២០២០









