ភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានចុះផ្សាយនៅថ្ងៃអង្គារនេះថា ប្រទេសចិនបានអនុម័ត សាកល្បងវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួនពីរប្រភេទ។ ការធ្វើតេស្តបានចាប់ផ្តើមរួចហើយសម្រាប់សមាសធាតុទាំងពីរប្រភេទនោះ។
សមាសធាតុនោះបង្កើតឡើងដោយក្រុមឱសថជាតិចិន (Sinopharm) និងក្រុមហ៊ុនស្រាវជ្រាវ Sinovac និង Development Co Ltd ដោយសមាសធាតុទាំងពីរគឺ “អសកម្ម” មានន័យថា សមាសធាតុទាំងនោះមានភាគល្អិតវីរុស ដែលគ្មានសមត្ថភាពផលិតជំងឺ ដើម្បីឱ្យវ៉ាក់សាំងធ្វើការប្រឆាំងនឹងជំងឺ។
ជំងឺកូវីដ១៩ផ្ទុះឡើងលើកដំបូងនៅទីក្រុង Wuhan ក្នុងប្រទេសចិននៅចុងឆ្នាំមុន។ ជំងឺ Covid១៩ បានរាតត្បាតដល់ប្រទេសចំនួន ១៨៥បណ្តាលឱ្យឆ្លងរាលដាលដល់មនុស្សចំនួនជិត ២លាននាក់ និងសម្លាប់មនុស្សចំនួន ១២០ ០០០នាក់នៅទូទាំងពិភពលោក។
យោងតាមប្រភពអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា បើទោះបីជាអ្នកវិទ្យាសាស្ត្រកំពុងប្រណាំងគ្នាដើម្បីស្វែងរកវ៉ាក់សាំងដែលមានប្រសិទ្ធិភាពក៏ដោយ បច្ចុប្បន្ននេះ វ៉ាក់សាំងចំនួន ៧០ប្រភេទកំពុងស្ថិតក្នុងការអភិវឌ្ឍ។ ក្នុងនោះវ៉ាក់សាំងចំនួន ៣ប្រភេទត្រូវបានប្រើប្រាស់សាកល្បងលើមនុស្សរួចហើយ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០









