មេដឹកនាំនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានឯកភាពគ្នានៅក្នុងសន្និសីទវីដេអូលើកដំបូងរបស់ពួកគេនៅថ្ងៃអង្គារដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិសុខភាពសាធារណៈក្នុងរយៈពេល១០០ឆ្នាំ។ ករណីឆ្លងវីរុសនៅក្នុងប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងរយៈពេលមួយខែកន្លងមកនេះបានកើនឡើងដល់ចំនួនច្រើនជាង២ម៉ឺននាក់ ដោយមានប្រទេសមួយចំនួនឆ្លងតិចជាងចំនួន ៨៤០នាក់។
ភ្នាក់ងារព័ត៌មាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ចំនួន ៨៦៦នាក់។ដោយសារតែការធ្វើតេស្តមានកំណត់នៅក្នុងប្រទេសមួយចំនួន អ្នកជំនាញវេជ្ជសាស្ត្រសង្ស័យថា ចំនួនឆ្លងពិតប្រាកដអាចខ្ពស់ជាងនេះ។ លោក Lee Hsien Loong នាយករដ្ឋមន្រ្តីសិង្ហបុរីប្រាប់អង្គប្រជុំថា “វាជាការសំខាន់សម្រាប់យើង និងអាស៊ានក្នុងការឆ្លើយតបរួមគ្នាពីព្រោះថា ប្រទេសរបស់យើងមានទំនាក់ទំនងគ្នា និងពឹងពាក់គ្នាទៅវិញទៅមក”។ លោកបន្តថា “ពុំមាននរណាម្នាក់នៅក្នុងអាស៊ានអាចមានសុវត្ថិភាពពិតប្រាកដបានទេទាល់តែតំបន់ទាំង មូលមានសុវត្ថិភាព” ។ កិច្ចប្រជុំនេះដឹកនាំដោយនាយករដ្ឋមន្ត្រីប្រទេសវៀតណាមលោក Nguyen Xuan Phuc ។
ភ្នាក់ងារសារព័ត៌មាននិយាយថា មេដឹកនាំនានាបានឯកភាពថា រដ្ឋជាសមាជិកគួរតែបង្កើនកិច្ចសហប្រតិបត្តិការ និងត្រូវប្រកដថា បណ្តាញផ្គត់ផ្គង់ក្នុងតំបន់នៅតែបើកចំហ។ ប្រទេសឥណ្ឌូនេស៊ីបានរាយការណ៍ថា មានអ្នកស្លាប់ចំនួនជិត ៤០០នាក់ ដែលនេះជាចំនួនអ្នកស្លាប់ខ្ពស់បំផុតនៅអាស៊ីបន្ទាប់ពីប្រទេសចិន ដែលជាកត្តាបណ្តាលឱ្យមានការព្រួយបារម្ភពីវិបត្តិកំពុងកើនឡើងនៅក្នុងតំបន់ខ្លះ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០









