រដ្ឋមន្រ្តីក្រសួងការបរទេសអាឡឺម៉ង់លោក Heiko Maas មានប្រសាសន៍ ក្រោយពីការផ្តល់ថវិកាដល់អង្គការសុខភាពពិភពលោកថា ការវិនិយោគលើអង្គការសុខភាពពិភពលោកគឺជាវិធីល្អបំផុតក្នុងការជួយអភិវឌ្ឍវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩។ លោក Maas សរសេរលើបណ្តាញធ្វីតធ័រនៅថ្ងៃពុធថា៖
“ ការស្តីបន្ទោសមិនបានជួយអ្វីឱ្យប្រសើរនោះទេ។ ការឆ្លងជំងឺគឺថាគ្មានព្រំដែនទេ ។ យើងត្រូវធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធដើម្បីប្រឆាំងជាមួយជំងឺកូវីដ១៩។ ការវិនិយោគដ៏ល្អបំផុតមួយគឺពង្រឹងដល់អង្គការសហប្រជាជាតិ ជាពិសេសអង្គការសុខភាពពិភពលោកដែលមិនមានមូលនិធិសម្រាប់ការអភិវឌ្ឍ និងចែកចាយការធ្វើតេស្ត និងវ៉ាក់សាំង។”
នៅថ្ងៃអង្គារ ប្រធានាធិបតីអាមេរិកលោក Donald Trump មានប្រសាសន៍ថា លោកបានផ្អាកផ្តល់មូលនិធិដល់អង្គការសុខភាពពិភពលោក ដោយលោកកំពុងរង់ចាំការពិនិត្យឡើងវិញដើម្បីវាយតម្លៃតួនាទីរបស់អង្គការសុខភាពពិភពលោកដែលធ្វើការគ្រប់គ្រងមិនត្រឹមត្រូវ និងការគ្រប់គ្រងមិនល្អពីការរាលដាលនៃជំងឺកូវីដ១៩នេះ។ លោកបានចោទប្រកាន់លើអង្គការ ដែលដឹកនាំដោយអង្គការសហប្រជាជាតិថា មិនបានរាយការណ៍ព័ត៌មានអំពីជំងឺកូវី១៩ ឱ្យបានត្រឹមត្រូវក្នុងដំណាក់កាលនៃការផ្ទុះដំបូង។
សហរដ្ឋអាមេរិកស្ថិតក្នុងចំណោមប្រទេសម្ចាស់ជំនួយធំបំផុតរបស់អង្គការសុខភាពពិភពលោកដែលបានចូលរួមវិភាគទានចំនួន៨៩៣លានដុល្លារអាមេរិក។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានរិះគន់លើការសំរេចចិត្តរបស់លោក Trump ដោយមានប្រសាសន៍ថា អំឡុងពេលកើតជំងឺរាតត្បាតកូវីដ១៩ មិនមែនជាពេលវេលាសម្រាប់ចង្អុលម្រាមដៃ និងដកការគាំទ្រពីអង្គការសុខភាពពិភពលោកនោះទេ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian ប្រាប់អ្នកយកព័ត៌មាននៅថ្ងៃពុធនេះថា
វិធានការរបស់លោក Trump ប្រឆាំងនឹងភ្នាក់ងារសុខភាពពិភពលោកនឹងធ្វើឱ្យសមត្ថភាពរបស់អង្គការសុខភាពពិភពលោកចុះខ្សោយ និងធ្វើឱ្យអន្តរាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។
លោក Zhao បន្តថា “យើងជំរុញឱ្យសហរដ្ឋអាមេរិកបំពេញការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់ខ្លួនឱ្យបានហ្មត់ចត់និងគាំទ្រដល់អង្គការសុខភាពពិភពលោកក្នុងការនាំមុខដើម្បីប្រឆាំងនឹងជំងឺរាតត្បាត” ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុតពីការរាតត្បាតជំងឺកូវីដ១៩ ដោយមានករណីឆ្លងច្រើនជាងចំនួន ៦០០ ០០០ករណីនេះបើយោងតាមប្រភពព័ត៌មានពីសាកលវិទ្យាល័យ Johns Hopkins។ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) បានរាយការណ៍ថា ចំនួនអ្នកស្លាប់នៅទូទាំងប្រទេសមានចំនួន២២ ២៥២នាក់នៅថ្ងៃអង្គារ។ ចំណុចក្តៅឆ្លងច្រើនជាងគេគឺនៅរដ្ឋញូវយ៉កដែលមានមនុស្សច្រើនជាងចំនួន២០ម៉ឺននាក់ធ្វើតេស្ត៍វិជ្ជមានឆ្លងជំងឺនេះ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០









