ប្រេសិតរបស់អង្គការសហប្រជាជាតិលោក Martin Griffiths មានប្រសាសន៍នៅព្រហស្បតិ៍ថា លោករំពឹងថាភាគីជម្លោះនៅក្នុងប្រទេសយេម៉ែននឹងអនុម័តជាផ្លូវការចំពោះកិច្ចព្រមព្រៀងនាពេលអនាគតស្តីពីបទឈប់បាញ់គ្នានៅទូទាំងប្រទេស ក្រោមវិធានការសេដ្ឋកិច្ចនិងមនុស្សធម៌ក៏ដូចជាការបន្តការចរចានយោបាយ។
ប្រទេសយេម៉ែនជាប់គាំងនៅក្នុងជម្លោះចាប់តាំងពីក្រុម Houthi បានបណ្តេញរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Abd Rabbu Mansour Hadi ចេញពីរដ្ឋធានី Sanaa នៅចុងឆ្នាំ២០១៤។ នៅឆ្នាំ២០១៥ សម្ព័ន្ធយោធាដឹកនាំដោយអារ៉ាប៊ីសោឌីបានធ្វើអន្តរាគមន៍ក្នុងគោលបំណងដើម្បីស្តាររដ្ឋាភិបាលឡើងវិញ។
លោក Griffiths ប្រាប់ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា លោកបានចរចាជាមួយភាគីនានាលើអត្ថបទសំណើរបស់លោកអស់រយៈពេលពីរសប្តាហ៍កន្លងមក។ លោកមានប្រសាសន៍ថា “យើងរំពឹងថាពួកគេនឹងព្រមព្រៀង និងអនុម័តជាផ្លូវការនូវកិច្ចព្រមព្រៀងទាំងនេះនាពេលអនាគតដ៏ខ្លី”។ វិធានការនេះអាចរួមមានបញ្ចូលទាំងការដោះលែងអ្នកទោស និងអ្នកជាប់ឃុំ ការបើកព្រលានយន្តហោះអន្តរជាតិសាណា ការបើកប្រាក់ខែឱ្យមន្ត្រីរាជការ ការបើកច្រកចូល និងការធានាដល់ដំណើរការចូលកំពង់ផែសម្រាប់នាវាដឹកទំនិញដែលនឹងជួយសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០









