ក្រសួងការបរទេសចិនបាននិយាយថា ការអះអាងពីកំណើតនៃជំងឺមេរោគកូវីដ១៩នេះមិនមានមូលដ្ឋានផ្អែកលើវិទ្យាសាស្ត្រទេ ដោយដកស្រង់សម្តីរបស់ WHO មកអះអាងនៅពេលដែលព័ត៌មានឆ្លងជំងឺកូវីដ១៩របស់ប្រទេសចិនមានចំនួនសូន្យ។ អ្នកនាំពាក្យក្រសួងការបរទេសលោក Zhao Lijian បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃព្រហស្បតិ៍ថា៖ “ខ្ញុំចង់រំលឹកអ្នកអ្នកថា ប្រធានអង្គការសុខភាពពិភពលោកបានបញ្ជាក់ម្តងហើយម្តងទៀតថា គ្មានភ័ស្តុតាងណាមួយដែលថា វីរុសនេះត្រូវបានផលិតនៅក្នុងមន្ទីរពិសោធន៍ប្រទេសចិនទេ” ។
លោកបន្ថែមថាអ្នកជំនាញវេជ្ជសាស្ត្រល្បីៗ ជាច្រើននៅលើពិភពលោកក៏ជឿថាការអះអាងអំពីការលេចធ្លាយមេរោគពីមន្ទីរពិសោធន៍មិនផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រនោះទេ។
លោក Zhao បានឆ្លើយសំនួរអំពីរឿងរ៉ាវថ្មីៗដែលសម្ភាសន៍ដោយភ្នាក់ងារ Fox News ។ ដោយដកស្រង់ប្រភពអនាមិកប៉ុស្តិ៍ព័ត៌មានមួយចំនួនបានរាយការណ៍ថា ជំងឺកូវីដ១៩ ដែលមានករណីស្លាប់ដំបូងរីករាលដាលចេញពីមន្ទីរពិសោធន៍មួយក្នុងទីក្រុង Wuhan នៃប្រទេសចិន ដោយការផ្ទុះឡើងដំបូងត្រូវបានគេកត់ត្រា ហើយមនុស្សដំបូងដែលឆ្លងគឺជាបុគ្គលិកនៅមន្ទីពិសោធន៍នោះ។
មជ្ឈមណ្ឌលស្រាវជ្រាវវីរុសឈានមុខគេមួយរបស់ប្រទេសចិនមានមូលដ្ឋាននៅទីក្រុង Wuhan ជាកត្តាមួយចម្បងដែលនាំឱ្យអ្នកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមួយចំនួនគិតថា វីរុសនេះអាចត្រូវបានបង្កើតនៅទីនោះ(Wuhan) ជាអាវុធជីវសាស្ត្រ ឬអាចត្រូវបានអនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្របញ្ចេញដោយចៃដន្យបន្ទាប់ពីបានសិក្សាពីមេរោគឆ្លងនៅក្នុងខ្លួនសត្វប្រចៀវរួច។ ទីក្រុងប៉េកាំងបានបដិសេធម្តងហើយម្តងទៀតចំពោះការចោទប្រកាន់ទាំងនេះ។
នៅសប្តាហ៍មុនលោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានជំរុញឱ្យមនុស្សគ្រប់គ្នាមិនត្រូវធ្វើនយោបាយពីវីរុសថ្មីនេះ ហើយព្រមានមិនឱ្យប្រើប្រាស់ករណីជំងឺរាតត្បាតកូវីដ១៩ដើម្បីរកពិន្ទុនយោបាយ។ មុននេះផងដែរលោកGhebreyesus ព្រមានប្រទេសទាំងអស់ប្រឆាំងនឹងការផ្សព្វផ្សាយទ្រឹស្តីព័ត៌មានមិនពិត និងការសមគំនិតគ្នាចោទលើប្រទេសចិន៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០









