ប្រទេសប៊ុលហ្គារីដាក់បម្រាមលើរាល់ការធ្វើដំណើរទៅ និងមកពីរដ្ឋធានីសូហ្វីយ៉ាបន្ទាប់ពីមានការរីករាលដាលនៃការឆ្លងមេរោគវីរុសកូរ៉ូណានេះ និងចំពេលមានការព្រួយបារម្ភអំពីហានិភ័យនៃការរីករាលដាលបន្ថែមទៀតក្នុងកំឡុងពេលពិធីបុណ្យ Orthodox Easter នេះ។
នៅក្នុងពេលពាក់កណ្តាលអធ្រាត្រនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Kiril Ananiev និយាយថាការធ្វើដំណើរទៅ និងមកពីទីក្រុងសូហ្វីយ៉ាដែលជាផ្ទះរបស់ប្រជាជនប្រមាណ ២ លាននាក់នឹងត្រូវហាមឃាត់រហូតដល់មានការជូនដំណឹងបន្ថែមលើកលែងតែការដឹកទំនិញ និងអ្នកដែលត្រូវធ្វើដំណើរទៅធ្វើការ ឬទៅព្យាបាលនៅមន្ទីរពេទ្យ។ ជនជាតិប៊ុលហ្គារីអនុវត្តការឃ្លាតឆ្ងាយពីសង្គម និងពាក់ម៉ាសការពារ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រនិយាយថាប្រទេសប៊ុលហ្គារីមានអ្នកឆ្លង ៤០ ករណីថ្មីទាំងនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ៨០០ នាក់ក្នុងនោះមានអ្នកស្លាប់ចំនួន ៣៨ នាក់។ វាច្រើនជាងពាក់កណ្តាលនៃការឆ្លងនៅក្នុងទីក្រុងសូហ្វីយ៉ា។ ប្រទេសនៅតំបន់បាល់កង់នេះដាក់កម្រិតការធ្វើដំណើរអន្តរក្រុងដែលមិនចាំបាច់នៅក្នុងខែមីនានេះ ប៉ុន្តែវិធានការណ៍នេះត្រូវបានរឹតបន្តឹងបន្ទាប់ពីរថយន្តជាង ៥.០០០ គ្រឿងព្យាយាមចាកចេញពីទីក្រុងសូហ្វីយ៉ាកាលពីថ្ងៃព្រហស្បតិ៍នេះមុនថ្ងៃឈប់សម្រាកពិធីបុណ្យអ៊ីស្ទើរ (Easter)នេះ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២០









