ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា យ៉ាងហោចណាស់ប៉ូលិសឈុតប៉ារ៉ាពីរនាក់ស្លាប់ដោយសារអ្នកវាយប្រហារដែលមិនស្គាល់មុខនៅក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយប្រទេសឥណ្ឌា។ ក្រុមអ្នកវាយប្រហាររត់គេចខ្លួនចេញពីកន្លែងកើតហេតុផងដែរ។ក្រុមសកម្មប្រយុទ្ធមិនស្គាល់អត្តសញ្ញាណនេះបាញ់រះទៅលើក្រុមយាមល្បាតរួមគ្នារបស់កងកំលាំងប៉ូលិសបំរុងកណ្តាល (CRPF) និងប៉ូលិសក្នុងតំបន់សូហ្វ័រ (Sopore) ភាគខាងជើងនៃស្រុក Baramulla ភាគខាងជើងនៃតំបន់កាស្មៀរកាលពីថ្ងៃសៅរ៍នេះដោយធ្វើអោយទាហានជាច្រើននាក់រងរបួសផងដែរ។
អ្នករងរបួសត្រូវបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះដែលយ៉ាងហោចណាស់មានមន្ត្រីរបស់ CRPF ពីរនាក់ត្រូវប្រកាសថាស្លាប់នៅពេលមកដល់មន្ទីរពេទ្យ។ របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបង្ហាញថា ទាហានទីបីក៏ស្លាប់នៅមន្ទីរពេទ្យភ្លាមៗផងដែរ។ ក្រុមអ្នកវាយប្រហាររត់ភៀសខ្លួនចេញពីកន្លែងកើតហេតុ ហើយប្រតិបត្តិការប្រមាញ់ចាប់ខ្លួនក៏ត្រូវចាប់ផ្តើមផងដែរ។ គេមិនទាន់ដឹងច្បាស់ទេថាតើការអនុវត្តច្បាប់នេះអាចចាប់បានជនល្មើសបាន ឬយ៉ាងណានោះទេ។ការបាញ់ប្រហារនេះគឺជាការវាយប្រហារលើកទី ២ ទៅលើ CRPF ដែលបានដាក់ពង្រាយនៅតំបន់កាស្មៀរដែលគ្រប់គ្រងដោយប្រទេសឥណ្ឌាក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ នៅថ្ងៃសុក្រនេះ ក្រុមសកម្មប្រយុទ្ធដែលមិនស្គាល់អត្តសញ្ញាណបើកការបាញ់ប្រហារទៅលើជំរុំប៉ូលិសមួយនៅតំបន់ Newa នៃស្រុក Pulwama ដែលបណ្តាល ឲ្យទាហានម្នាក់រងរបួស។ តំបន់កាស្មៀរដែលមានជនជាតិមូស្លីមភាគច្រើនមានជម្លោះដោយប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថាន។ រដ្ឋទាំងពីរអះអាងថា តំបន់នេះជារបស់ពួកគេហើយរដ្ឋនីមួយៗកាន់កាប់ប្រហែលពាក់កណ្តាលនៃទឹកដីដែលមានបញ្ហា។
កាលពីឆ្នាំមុននេះ តំបន់កាស្មៀរក្លាយជាកន្លែងមួយនៃការផ្ទុះឡើងដ៏សំខាន់មួយទៀតរវាងប្រទេសនុយក្លេអ៊ែរធំៗទាំងពីរនេះ។ ខណៈពេលដែលសង្រ្គាមកំពុងផ្ទុះឡើងក្នុងការឆ្លងកាត់ព្រំដែនដែលមានកម្រិតទាបនៅឡើយនៅតែបន្តក៏ដោយនោះ ទីក្រុងអ៊ីស្លាម៉ាបាដ និងទីក្រុងញូវដែលីចោទប្រកាន់ម្តងហើយម្តងទៀតចំពោះការរំលោភទៅលើបទឈប់បាញ់នេះ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២០









