ការិយាល័យរបស់នាយករដ្ឋមន្រ្តីលោក Benjamin Netanyahu បាននិយាយនៅថ្ងៃច័ន្ទថា ប្រទេសអ៊ីស្រាអែលនឹងចាប់ផ្តើមបើកសាលារៀននៅសប្តាហ៍ក្រោយប្រសិនបើទិន្នន័យសុខភាពចុងក្រោយមិនបានព្រមានពីការកើនឡើងហានិភ័យនៃជំងឺឆ្លងកូវីដ១៩។ប្រទេសនេះបានបិទសាលារៀន និងសាលាមត្តេយ្យនៅពាក់កណ្តាលខែមីនាដែលធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះកាន់តែអាក្រក់ទៅៗ ខណៈដែលឪពុកម្តាយត្រូវបានបង្ខំឱ្យនៅផ្ទះ។ ការអត់ការងារធ្វើកើនឡើងដល់ ២៧ភាគរយ និងអត្រានៃការឆ្លងបានថយចុះ ហើយឥលូវនេះប្រទេសអ៊ីស្រាអែលកំពុងតែបន្ធូរបន្ថយការរឹតបណ្តឹង។ប្រភពបន្តថា កុមារមានអាយុ ៣ឆ្នាំនៃសាលាបឋមសិក្សានឹងបន្តការសិក្សាឡើងវិញដោយកាត់បន្ថយទំហំថ្នាក់មិនលើសពី ១៥នាក់។ សាលាមត្តេយ្យ និងសាលាទារកដ្ឋាននឹងបើកដំណើរការ ដោយកុមារត្រូវបានកំណត់ថ្ងៃជាក់លាក់ឱ្យទៅរៀនជាជាងការចូលរួមពេញមួយសប្តាហ៍ដោយធ្វើការបំបែកក្មេងជាក្រុមតូចៗ។
ចំណែកនៅតំបន់ហ្គាហ្សា ភោជនីយដ្ឋានត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញចាប់ពីថ្ងៃចន្ទនេះទៅ។ ក្រសួងសេដ្ឋកិច្ចនៅក្នុងតំបន់ Hamas បានប្រកាសក្រោយពីមានការអង្វរពីម្ចាស់ភោជនីយដ្ឋានសុំការបន្ធូរបន្ថយ ដោយសារមានការលំបាកខាងសេដ្ឋកិច្ចរបស់ពួកគេ។ចាប់តាំងពីពាក់កណ្តាលខែមីនា រដ្ឋាភិបាលបានដាក់ចេញនូវវិធានការតឹងរឹងបិទសាលារៀន សាកលវិទ្យាល័យ វិហារអ៊ីស្លាម និងភោជនីយដ្ឋាន។ តំបន់ហ្គាហ្សាបានកត់ត្រាករណីឆ្លងជំងឺកូវីដចំនួន ១៧ករណី កើតឡើងចំពោះប្រជាជនប៉ាឡេស្ទីនទាំងអស់ដែលវិលត្រឡប់មកពីក្រៅតំបន់ហ្គាហ្សាស្ទ្រីប៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០