ក្រុមស្រាវជ្រាវផ្នែកសន្តិសុខអនឡាញបានឱ្យដឹងថា អាសយដ្ឋានអ៊ីម៉ែលរាប់លានត្រូវបានបែកធ្លាយទៅដល់ក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម និងអ្នកវិភាគជាច្រើនទៀត។
ប្រភពខាងលើបានបញ្ជាក់ថា អាសយដ្ឋានអ៊ីម៉ែលរបស់អ្នកប្រើប្រាស់កម្មវិធី Quibi, Wish, JetBlue, The Washington Post និងកម្មវិធីផ្សេង ត្រូវបានបែកធ្លាយ និងផ្ញើដល់ដៃក្រុមហ៊ុនជាច្រើនរួមមាន Google, Facebook, Pinterest, Criteo, PayPal, Stripe, Twitter និង Snapchat ។
មូលហេតុនៃការបែកធ្លាយទិន្នន័យនេះមានច្រើនរបៀបណាស់ ប៉ុន្តែអ្វីដែលសំខាន់នោះគឺថា តើក្រុមហ៊ុនខាងលើដែលទទួលបានអសយដ្ឋានអ៊ីម៉ែលទាំងនោះ នឹងយកទៅប្រើក្នុងផ្លូវអ្វី?
ក្នុងចំណោមទិន្ន័យអ៊ីម៉ែលដែលបានបែកធ្លាយនោះភាគច្រើនគឺអ្នកប្រើប្រាស់កម្មវិធី Wish ដែលជា App ទិញទំនិញតាមអនឡាញ (E-commerce) ហើយក្រោយពីកើតមានបញ្ហានេះ គឺខាងក្រុមហ៊ុន Wish បានធ្វើការផ្លាស់ប្ដូរ System ដើម្បីទប់ស្កាត់។
ចំណែកក្រុមហ៊ុន JetBlue បាននិយាយថា ពាក់ព័ន្ធនឹងករណីនេះ ក្រុមហ៊ុនកំពុងតែធ្វើការស៊ើបអង្កេត ដើម្បីបង្ហាញឱ្យច្បាស់ថា JetBlue គឺគោរពទៅលើសិទ្ធិអ្នកប្រើប្រាស់ និងគោរពទៅតាមស្ដង់ដា។
ជាមួយគ្នានេះដែរ The Washington Post បានបញ្ជាក់ថា ខ្លួនមិនបានចែករំលែកទិន្នន័យអសយដ្ឋានអ៊ីម៉ែលអ្នកប្រើទៅឱ្យក្រុមហ៊ុនណាផ្សេងឡើយ៕
ប្រភពព័ត៌មាន Cnet ផ្សាយថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០









