លោក Mustafa al-Kadhimi ចូលកាន់តំណែងជានាយករដ្ឋមន្ត្រីអ៊ីរ៉ាក់នៅព្រឹកថ្ងៃព្រហស្បតិ៍ ក្រោយពីមានការជាប់គាំងនយោបាយអស់រយៈពេលជាច្រើនខែ។ អតីតប្រមុខចារកម្មនឹងចូលខ្លួនដោះស្រាយវិបត្តិសេដ្ឋកិច្ច បញ្ហារីករាលដាលជំងឺកូវីដ១៩ និងធ្វើការឃ្លាំមើលលើសកម្មភាពតវ៉ាថ្មី។
តាមរយៈការសង្កេតមើលវិធានការណ៍ឃ្លាតឆ្ងាយពីសង្គមអ្នកតាក់តែងច្បាប់បានប្រមូលផ្តុំគ្នានៅឯរដ្ឋសភាដោយមានពាក់របាំងមុខ និងស្រោមដៃ នៅម៉ោងប្រហែលម៉ោង៩ យប់ (ម៉ោងក្នុងស្រុក) ប៉ុន្តែការបោះឆ្នោតត្រូវបានពន្យារពេលដើម្បីធ្វើការកែសម្រួលនៅនាទីចុងក្រោយសម្រាប់ការចូលកាន់តំណែងរបស់រដ្ឋមន្ត្រី។
ទីភ្នាក់ងារសារព័ត៌មាន AFP ផ្សាយថា លោក Kadhimi បានទទួលការអបអរសាទរពីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo។ លោក Mike Pompeo ជាអ្នកប្រកាសការលើកលែងរយៈពេល១២០ថ្ងៃ លើការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើប្រទេសអ៊ីរ៉ាក់ដើម្បីអនុញ្ញាតឱ្យប្រទេសអ៊ីរ៉ាក់អាចទិញឧស្ម័នពីប្រទេសអ៊ីរ៉ង់។
លោក Kadhimi មានអាយុ៥៣ឆ្នាំ ត្រូវបានតែងតាំងដោយលោកប្រធានាធិបតី Barham Saleh នៅថ្ងៃទី៩ ខែមេសា ក្នុងការប៉ុនប៉ងលើកទី៣ ដើម្បីជំនួសតំណែងនាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាចលោក Adel Abdel Mahdi ។ លោក Abdel Mahdi ក្នុងវ័យអាយុ ៧៧ ឆ្នាំបានលាលែងចេញពីតំណែងកាលពីចុងឆ្នាំមុន ក្រោយពីមានបាតុកម្មជាច្រើនខែលើករណីប្រឆាំងនឹងអំពើពុករលួយ និងភាពអត់ការងារធ្វើ៕
ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០









