អង្គការសហប្រជាជាតិ (UN) បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា អង្គការកំពុងបង្កើនការអំពាវនាវរបស់ខ្លួនក្នុងការស្វែងរកជំនួយដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅប្រទេសខ្សត់ខ្សោយ និងប្រទេសងាយរងគ្រោះពីចំនួនទឹកប្រាក់ចំនួន ២ពាន់លានដុល្លារដល់ចំនួន ៦,៧ពាន់លានដុល្លារ។
ប្រធានអង្គការមនុស្សធម៌នៃអង្គការសហប្រជាជាតិមានប្រសាសន៍ថា មានភ័ស្តុតាងជាក់ស្តែងរួចទៅហើយដែលបង្ហាញថា ការរកប្រាក់ចំណូលរបស់ប្រជាជនបានធ្លាក់ចុះ ហើយមានមនុស្សជាច្រើនបានបាត់បង់ការងារ ការផ្គត់ផ្គង់ស្បៀងអាហារធ្លាក់ចុះ តម្លៃទំនិញកើនឡើង និងមានកុមារជាច្រើនមិនទទួលបានការចាក់វ៉ាក់សាំង និងអាហារគ្រប់គ្រាន់។
ចាប់តាំងពីមានការអំពាវនាវស្វែងរកជំនួយនៅថ្ងៃទី២៥ ខែមីនាមក អង្គការសហប្រជាជាតិបាននិយាយថា ទឹកប្រាក់ចំនួន១ពាន់លានដុល្លារត្រូវបានប្រមូលដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជួយដល់ប្រទេសចំនួន៣៧ប្រទេសដើម្បីដោះស្រាយបញ្ហាជំងឺកូវីដ១។ការអំពាវនាវថ្មីធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ដើម្បីជួយដល់ប្រទេសងាយរងគ្រោះចំនួន៩ បន្ថែមទៀតរួមមានប្រទេសបេនីន ប្រទេស ជីប៊ូទី ប្រទេសលីបេរីយ៉ា ប្រទេសម៉ូសំប៊ិក ប្រទេសប៉ាគីស្ថាន ប្រទេសហ្វីលីពីន ប្រទេសសៀរ៉ាឡេអូន ប្រទេសតូហ្គោ និងប្រទេសហ្សីមបាវេ។
លោក Lowcock មានប្រសាសន៍ថា “ត្រូវតែចាត់វិធានការឥឡូវនេះ ទើបយើងគួរតែត្រៀមខ្លួនសម្រាប់កំណើនគួរឱ្យកត់សម្គាល់ក្នុងករណីវិបត្តិអត់ឃ្លាន និងភាពក្រីក្រ” ៕
ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០









