ប្រទេសដាណឺម៉ាក៖រដ្ឋមន្រ្តីក្រសួងការពារជាតិដាណឺម៉ាក លោកជេព កូហ្វូដ បានប្រតិកម្មជាមួយនឹងការយល់ច្រលំចំពោះការទាមទាររបស់ប្រទេសម៉ាលីដែលថា ប្រទេសដាណឺម៉ាកត្រូវតែដកកម្លាំងទ័ពដែលពាក់ព័ន្ធចេញពីប្រទេសម៉ាលី ដែលបានចូលទៅដោយគ្មានកិច្ចព្រមព្រៀងជាមុនពីអាជ្ញាធរ។
នៅថ្ងៃចន្ទ លោកវរសេនីយ៍ឯកអាប់ដុលឡាយម៉ៃហ្គា (Abdoulaye Maiga) អ្នកនាំពាក្យក្រសួងរដ្ឋបាល និងវិមជ្ឈការនៃប្រទេសម៉ាលី បានអំពាវនាវដល់ប្រទេសដាណឺម៉ាកឲ្យដកកម្លាំងទ័ព ៩០នាក់ចេញភ្លាមៗពីប្រទេសម៉ាលី ក្រោយពីចោទថាបានរំលោភលើពិធីការដែលអនុញ្ញាតឱ្យកម្លាំងអឺរ៉ុបធ្វើអន្តរាគមន៍ក្នុងតំបន់។
ទោះជាយ៉ាងណាក៏ដោយ ក្នុងសន្ទរកថានៅទីក្រុងព្រុចសែលនៅថ្ងៃអង្គារ លោកកូហ្វូដបានអះអាងថា ប្រទេសដាណឺម៉ាកបញ្ចូនកម្លាំងទៅគាំទ្រដល់កម្លាំងប្រឆាំងភេរវកម្មដឹកនាំដោយប្រទេសបារាំង ក្រោយពីមានការអញ្ជើញច្បាស់លាស់ ដែលថា មានវត្តមានរបស់ភាគីផ្សេងៗទៀតនៅក្នុងប្រតិបត្តិការនោះ។
លោកកូហ្វូដបានមានប្រសាសន៍ថា ការលើកឡើងរបស់មន្ត្រីប្រទេសម៉ាលីបានបង្កឱ្យមាន ការយល់ច្រលំយ៉ាងខ្លាំង ហើយលោកបានបន្ថែមថា ប្រទេសអឺរ៉ុបកំពុងពិភាក្សាជាមួយរដ្ឋាភិបាលប្រទេសម៉ាលីដើម្បីបញ្ជាក់ពីស្ថានភាពនេះ។
ក្រសួងការពារជាតិដាណឺម៉ាកបានចុះផ្សាយនៅលើគេហទំព័ររបស់ខ្លួននៅថ្ងៃចន្ទថា ទាហានចំនួន ៩០នាក់ រួមទាំងបុគ្គលិកពេទ្យ និងកងកម្លាំងពិសេសត្រូវបានបញ្ចូនទៅកាន់ប្រទេស ម៉ាលីដែលនោះគឺជាផ្នែកមួយនៃប្រតិបត្តិការ Takuba Task Force។
រដ្ឋាភិបាលនៅក្នុងទីក្រុងកូប៉ិនហាកបានអះអាងថា គោលបំណងនៃការពង្រាយកម្លាំងរបស់ពួកគេគឺធ្វើឲ្យប្រទេសម៉ាលីមានស្ថិរភាព និងចូលរួមក្នុងប្រតិបត្តិការនៅផ្នែកខ្លះនៃតំបន់ព្រំដែនត្រីកោណ រវាងប្រទេសម៉ាលី ប្រទេសនីហ្សេ និងប៊ួគីណាហ្វាសូ និងដើម្បីធានាឲ្យបានថាជនស៊ីវិលត្រូវបានការពារពីក្រុមភេរវករ។ កម្លាំងទ័ពដាណឺម៉ាកត្រូវបានដាក់ពង្រាយ ជាមួយនឹងយោធារបស់ទីក្រុងកូប៉ិនហាក រួមទាំងជាមួយកងកម្លាំងប្រទេសបារាំង ប្រទេសបែលហ្សិក សាធារណរដ្ឋឆេក អេស្តូនី ហុងគ្រី អ៊ីតាលី ហូឡង់ ព័រទុយហ្កាល់នៅលើដីប្រទេសម៉ាលីក្រោយពីកម្លាំងរបស់ប្រទេសស៊ុយអែតដកខ្លួនចេញពីតំបន់។
គួររំលឹកផងដែរថា អង្គភាពយោធាមាន ១៤ប្រទេសនៅអឺរ៉ុប បានធ្វើការជាមួយមន្ត្រីក្នុងតំបន់ ដើម្បីផ្តល់ការគាំទ្រជាយុទ្ធសាស្ត្រ និងប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងរបស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនៅក្នុងប្រទេសម៉ាលី និងតំបន់ស្ហាហេល(Sahel)អាហ្វ្រិកខាងលិច៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មានrt ចុះផ្សាយថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២