ប្រទេសដាណឺម៉ាកកំពុងមានជម្លោះជាមួយប្រទេសអាហ្រ្វិកជុំវិញការដាក់ពង្រាយកងទ័ព

0

ប្រទេសដាណឺម៉ាក៖រដ្ឋមន្រ្តីក្រសួងការពារជាតិដាណឺម៉ាក លោកជេព កូហ្វូដ បានប្រតិកម្មជាមួយនឹងការយល់ច្រលំចំពោះការទាមទាររបស់ប្រទេសម៉ាលីដែលថា ប្រទេសដាណឺម៉ាកត្រូវតែដកកម្លាំងទ័ពដែលពាក់ព័ន្ធចេញពីប្រទេសម៉ាលី ដែលបានចូលទៅដោយគ្មានកិច្ចព្រមព្រៀងជាមុនពីអាជ្ញាធរ។

នៅថ្ងៃចន្ទ លោកវរសេនីយ៍ឯកអាប់ដុលឡាយម៉ៃហ្គា (Abdoulaye Maiga) អ្នកនាំពាក្យក្រសួងរដ្ឋបាល និងវិមជ្ឈការនៃប្រទេសម៉ាលី បានអំពាវនាវដល់ប្រទេសដាណឺម៉ាក​ឲ្យដកកម្លាំងទ័ព ៩០នាក់ចេញភ្លាមៗពីប្រទេសម៉ាលី ក្រោយពី​ចោទ​ថា​បាន​រំលោភ​លើ​ពិធីការ​ដែល​អនុញ្ញាត​ឱ្យ​កម្លាំង​អឺរ៉ុប​ធ្វើ​អន្តរាគមន៍​ក្នុង​តំបន់។

ទោះជាយ៉ាងណាក៏ដោយ ក្នុងសន្ទរកថានៅ​ទីក្រុង​ព្រុចសែលនៅ​ថ្ងៃ​អង្គារ លោកកូហ្វូដបាន​អះអាងថា ប្រទេសដាណឺម៉ាកបញ្ចូនកម្លាំងទៅគាំទ្រដល់កម្លាំងប្រឆាំងភេរវកម្មដឹកនាំដោយប្រទេសបារាំង ក្រោយពីមានការអញ្ជើញច្បាស់លាស់ ដែលថា មានវត្តមានរបស់ភាគីផ្សេងៗទៀតនៅក្នុងប្រតិបត្តិការនោះ។

លោកកូហ្វូដបានមានប្រសាសន៍ថា ការ​លើក​ឡើង​របស់​មន្ត្រី​ប្រទេស​ម៉ាលី​បាន​បង្ក​ឱ្យ​មាន ការយល់ច្រលំ​យ៉ាង​ខ្លាំង ហើយលោកបានបន្ថែម​ថា ប្រទេស​អឺរ៉ុប​កំពុង​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ប្រទេស​ម៉ាលី​ដើម្បី​បញ្ជាក់​ពី​ស្ថានភាព​នេះ។

ក្រសួងការពារជាតិដាណឺម៉ាកបានចុះផ្សាយនៅលើគេហទំព័ររបស់ខ្លួននៅថ្ងៃចន្ទថា ទាហានចំនួន​ ៩០នាក់ រួមទាំងបុគ្គលិកពេទ្យ និងកងកម្លាំងពិសេសត្រូវបានបញ្ចូនទៅកាន់ប្រទេស ម៉ាលីដែលនោះគឺជាផ្នែកមួយនៃប្រតិបត្តិការ Takuba Task Force។

រដ្ឋាភិបាលនៅក្នុងទីក្រុងកូប៉ិនហាកបានអះអាង​ថា គោលបំណង​នៃ​ការ​ពង្រាយកម្លាំង​របស់​ពួកគេ​គឺធ្វើ​ឲ្យ​ប្រទេស​ម៉ាលី​មាន​ស្ថិរភាព និងចូលរួមក្នុងប្រតិបត្តិការនៅ​ផ្នែក​ខ្លះ​នៃ​តំបន់ព្រំដែន​ត្រីកោណ​ ​រវាង​ប្រទេស​ម៉ាលី ប្រទេសនីហ្សេ និង​ប៊ួគីណាហ្វាសូ និង​ដើម្បី​ធានាឲ្យបាន​ថា​ជន​ស៊ីវិល​ត្រូវ​បាន​ការពារ​ពី​ក្រុម​ភេរវករ។ កម្លាំងទ័ព​ដាណឺម៉ាក​ត្រូវ​បាន​ដាក់​ពង្រាយ ជាមួយនឹងយោធារបស់ទីក្រុងកូប៉ិនហាក រួមទាំងជាមួយកងកម្លាំងប្រទេសបារាំង ប្រទេសបែលហ្សិក សាធារណរដ្ឋឆេក អេស្តូនី ហុងគ្រី អ៊ីតាលី ហូឡង់ ព័រទុយហ្កាល់នៅលើដីប្រទេសម៉ាលីក្រោយ​ពីកម្លាំងរបស់​ប្រទេសស៊ុយអែត​ដក​ខ្លួន​ចេញ​ពីតំបន់។

គួររំលឹកផងដែរថា អង្គភាពយោធាមាន ១៤ប្រទេសនៅអឺរ៉ុប បាន​ធ្វើ​ការ​ជាមួយ​មន្ត្រី​ក្នុង​តំបន់ ដើម្បី​ផ្តល់​ការ​គាំទ្រជាយុទ្ធសាស្ត្រ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​របស់​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​នៅ​ក្នុង​ប្រទេស​ម៉ាលី និង​តំបន់ស្ហាហេល(Sahel)អាហ្វ្រិក​ខាង​លិច៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មានrt ចុះផ្សាយថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here