ប្រទេសយេម៉ែន៖ ក្រុមឧទ្ទាមហ៊ូធីរបស់ប្រទេសយេម៉ែននិយាយកាលពីថ្ងៃពុធថា ពួកគេបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកស៊ើបការណ៍របស់កម្លាំងចម្រុះដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតគាំទ្ររដ្ឋាភិបាលយេម៉ែន ដោយចោទប្រកាន់កម្លាំងចម្រុះថារំលោភបំពានលើបទឈប់បាញ់។
អ្នកនាំពាក្យយោធាហ៊ូធីលោក យ៉េយ៉ា សេរៀរ និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយមានខ្លឹមសារថា “ប្រព័ន្ធការពារដែនអាកាសរបស់យើងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែលផ្ទុកកាំជ្រួចមីស៊ីលពីដីទៅអាកាសដែលកំពុងហោះហើរលើទីក្រុងហារ៉ាដ (Haradh) ក្នុងខេត្តហាចាស់ (Hajjah) ដោយបំពានលើបទឈប់បាញ់។”
ពុំទាន់មានការអត្ថាធិប្បាយណាមួយពីកម្លាំងចម្រុះ ឬរដ្ឋាភិបាលយេម៉ែននៅឡើយទេ។
គួរបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងឈប់បាញ់រយៈពេលពីរខែដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិរវាងក្រុមឧទ្ទាមហ៊ូធី និងរដ្ឋាភិបាលយេម៉ែនដែលគាំទ្រដោយកម្លាំងចម្រុះ ចូលជាធរមានកាលពីថ្ងៃទី០២ ខែមេសា។
នៅក្នុងបទឈប់បាញ់រាប់បញ្ចូលទាំងការអនុញ្ញាតឲ្យចូលចតរបស់កប៉ាល់ប្រេង១៨គ្រឿងនៅកំពង់ផែកាន់កាប់ដោយក្រុមឧទ្ទាមហ៊ូធី និងជើងហោះហើរពាណិជ្ជកម្មចំនួន២ដងក្នុងមួយសប្តាហ៍ទាំងទៅ និងត្រលប់មកវិញពីអាកាសយានដ្ឋានសាណាគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូធី រួមទាំងការអនុញ្ញាតិឱ្យជំនួយមនុស្សធម៌ចូលទៅដល់ទីក្រុងថេស(Taiz) ដែលគ្រប់គ្រងដោយរដ្ឋាភិបាល។
រយៈពេលកន្លងមក បទឈប់បាញ់នៅក្នុងប្រទេសយេម៉ែនធ្វើឡើងជាច្រើនលើកមកហើយ បើទោះបីជាមានការចោទប្រកាន់ម្តងម្កាលពីការរំលោភបំពានរវាងភាគីជម្លោះក្តី។
ប្រទេសយេម៉ែនជាប់គាំងនៅក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីចុងឆ្នាំ២០១៤ នៅពេលដែលក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ដណ្តើមខេត្តមួយចំនួននៅភាគខាងជើងមកគ្រប់គ្រង និងបង្ខំ រដ្ឋាភិបាលយេម៉ែនដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីតចេញពីរាជធានីសាណា។
គួររំលឹកផងដែរថា សង្គ្រាមសម្លាប់មនុស្សរាប់ពាន់នាក់ បណ្តាលឱ្យមានការផ្លាស់ទីលំនៅបួនលាននាក់ និងរុញប្រជាជនឱ្យឈានដល់កម្រិតភាពអត់ឃ្លាន៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២