ក្រុមឧទ្ទាមហ៊ូធីបាញ់ទម្លាក់យ​ន្តហោះគ្មានមនុស្សបើកស៊ើបការណ៍របស់សម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអូឌីត

0

ប្រទេសយេម៉ែន៖ ក្រុមឧទ្ទាមហ៊ូធីរបស់ប្រទេសយេម៉ែននិយាយកាលពីថ្ងៃពុធថា ពួកគេបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកស៊ើបការណ៍របស់កម្លាំងចម្រុះដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតគាំទ្ររដ្ឋាភិបាលយេម៉ែន​ ដោយចោទប្រកាន់កម្លាំងចម្រុះថារំលោភបំពានលើបទឈប់បាញ់។

អ្នកនាំពាក្យយោធាហ៊ូធីលោក យ៉េយ៉ា សេរៀរ និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយមានខ្លឹមសារថា “ប្រព័ន្ធការពារដែនអាកាសរបស់យើងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែលផ្ទុកកាំជ្រួចមីស៊ីលពីដីទៅអាកាសដែលកំពុង​ហោះ​ហើរ​លើ​ទីក្រុងហារ៉ាដ (Haradh) ក្នុង​ខេត្តហាចាស់ (Hajjah) ដោយបំពានលើបទឈប់បាញ់។”

ពុំ​ទាន់​មាន​ការ​អត្ថាធិប្បាយ​ណាមួយពីកម្លាំង​ចម្រុះ ឬ​រដ្ឋាភិបាល​យេម៉ែន​នៅ​ឡើយ​ទេ។

គួរបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងឈប់បាញ់រយៈពេលពីរខែដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិរវាងក្រុមឧទ្ទាមហ៊ូធី និងរដ្ឋាភិបាលយេម៉ែនដែលគាំទ្រដោយកម្លាំងចម្រុះ ចូលជាធរមានកាលពីថ្ងៃទី០២ ខែមេសា។

នៅក្នុងបទឈប់បាញ់រាប់បញ្ចូលទាំងការអនុញ្ញាតឲ្យ​ចូលចត​របស់​កប៉ាល់​ប្រេង​១៨​គ្រឿង​នៅកំពង់ផែ​​កាន់កាប់​ដោយ​ក្រុមឧទ្ទាម​ហ៊ូធី និងជើងហោះហើរពាណិជ្ជកម្មចំនួន២ដងក្នុងមួយសប្តាហ៍ទាំងទៅ និងត្រលប់មកវិញពីអាកាសយានដ្ឋានសាណាគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូធី រួមទាំងការអនុញ្ញាតិឱ្យជំនួយមនុស្សធម៌ចូលទៅដល់ទីក្រុងថេស(Taiz) ដែលគ្រប់គ្រងដោយរដ្ឋាភិបាល។

រយៈពេលកន្លងមក បទឈប់បាញ់នៅក្នុងប្រទេសយេម៉ែនធ្វើឡើងជាច្រើនលើក​មកហើយ បើ​ទោះ​បី​ជា​មាន​ការ​ចោទ​ប្រកាន់​ម្តងម្កាល​ពី​ការ​រំលោភ​បំពាន​រវាង​ភាគី​​ជម្លោះ​ក្តី។

ប្រទេសយេម៉ែនជាប់គាំងនៅក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីចុងឆ្នាំ២០១៤ នៅពេលដែលក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ដណ្តើមខេត្តមួយចំនួននៅភាគខាងជើងមកគ្រប់គ្រង និងបង្ខំ រដ្ឋាភិបាលយេម៉ែនដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីតចេញពីរាជធានីសាណា។

គួររំលឹកផងដែរថា សង្គ្រាមសម្លាប់មនុស្សរាប់ពាន់នាក់ បណ្តាលឱ្យមានការផ្លាស់ទីលំនៅបួនលាននាក់ និងរុញប្រជាជនឱ្យឈានដល់កម្រិតភាពអត់ឃ្លាន៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here