ការវាយប្រហារលើរដ្ឋាភិបាល Kenyan បណ្តាលឱ្យមានបញ្ហាយល់ព្រមលើគម្រោងសាងសង់ ដែលមិនត្រឹមត្រូវជាង ១៨អាគារនៅក្នុងទីក្រុង Nairobi។ បើយោងតាម Mohamed Badi នាយក Nairobi Metropolitan Services (NMS) បានឱ្យដឹងថា ក្រុមហេគឃ័រនៅពីក្រោយឧប្បត្តិហេតុនេះ បានចូលដៃជាមួយបុគ្គលិកនៅក្នុងស្ថាប័ននេះ ហើយបានប្រព្រឹត្តសកម្មភាពខុសច្បាប់។
មន្រ្តីសាធារណៈបានលើកឡើងថា ហេគឃ័រត្រូវបានចាប់ខ្លួន លើសពីនេះទៀត អាជ្ញាធរក៏បានស្វែង រកក្រុមហេគឃ័រដែលពាក់ព័ន្ធ៖ “ឧប្បត្តិហេតុនេះប្រើប្រាស់វិធីសាស្រ្តវាយប្រហារដ៏ស្មុគស្មាញ ដោយ បើកដៃឱ្យក្រុមហេគឃ័រអាចធ្វើសកម្មភាពសាងសង់បាន”។
លោក Badi បញ្ជាក់ឡើងវិញថា ហេគឃ័រមិនមែនជាអ្នកចម្លែកណាមកសម្របសម្រួលប្រព័ន្ធនោះទេ ប៉ុន្តែជាអ្នកដែលបានសហការផ្សំគំនិតជាមួយអ្នកនៅក្នុងស្ថាប័ន៖ “យើងមិនអនុញ្ញាតការសាងសង់ អាគារដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះនោះទេ។ យើងសោកស្តាយណាស់ចំពោះប្រជាជនដែលរស់ នៅក្នុងតំបន់នោះដែលបានធ្លាក់ចូលទៅក្នុងអន្ទាក់របស់ក្រុមហេគឃ័រ”។
ភាពទន់ខ្សោយនៃសន្តិសុខត្រូវបានបង្ហាញ ដូច្នេះ អាជ្ញាធរក្នុងតំបន់សង្ឃឹមថា នឹងគ្មានបញ្ហាបែបនេះ កើតមានឡើងទៀតនៅថ្ងៃមុខទេ ជាងនេះទៀត ក្រុមអ្នកជំនាញក៏បានកែតម្រូវបញ្ហាសន្តិសុខផងដែរ៖ “យើងបានប្រគល់តួនាទីទៅឱ្យអ្នកជំនាញដើម្បីស៊ើបអង្កេតពីស្ថានភាពនេះ។ យើងប្រហែលជាត្រូវការ រយៈពេល២សប្តាហ៍ដើម្បីកែតម្រូវបញ្ហាទាំងអស់នេះ” បើតាមប្រសាសន៍លោក Badi។
ឧប្បត្តិហេតុនេះបណ្តាលមានការពន្យាពេលទៅលើគម្រោងអភិវឌ្ឍនៅ Nairobi ដែលប្រើប្រាស់ប្រព័ន្ធ បង្កើតលេខកូដដើម្បីឆ្លើយតបរហ័ស Quick Response (QR) codes។ កូដនេះបង្កើតអត្តសញ្ញាណ តែមួយគត់ដើម្បីស្វែងរកគម្រោងសាងសង់ទាំងអស់ដែលបានយល់ព្រមដោយអាជ្ញាធរអចលនទ្រព្យ។
ប្រភពព័ត៌មាន៖ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា