ប្រតិបត្តិការអនុវត្តច្បាប់អន្តរជាតិមួយដែលមានឈ្មោះហៅថា ‘First Light 2022’ បានរឹបអូសទឹកប្រាក់ចំនួន 50 លានដុល្លារអាមេរិក និងចាប់ខ្លួនបានមនុស្សជាង 2000 នាក់ពាក់ព័ន្ធទៅនឹងការឆបោកនៅលើអ៊ីនធឺណិត (social engineering scam) នៅជុំវិញពិភពលោក។
ប្រតិបត្តិការនេះគឺមានការដឹកនាំដោយប៉ូលិស Interpol ជាមួយនឹងការចូលរួមពីប៉ូលិសមកពី 76 ប្រទេស និងផ្តោតទៅលើឧក្រិដ្ឋកម្មបោកបញ្ឆោត social engineering crimes ដែលមានការពាក់ព័ន្ធទៅនឹងការបោកប្រាស់តាមទូរស័ព្ទ (Telephone Deception), ការបោកប្រាស់ស្នេហា (Romance Scams), ការបោកបញ្ឆោតតាមអ៊ីម៉ែល (business email compromise (BEC) scams) និងការលាងលុយកខ្វក់ជាដើម។
Social engineering គឺជាវិធីសាស្រ្តមួយដែលក្រុមហេគឃ័របោកជនរងគ្រោះអោយធ្វើសកម្មភាពអ្វីមួយដើម្បីបង្ហាញនូវព័ត៌មានសម្ងាត់របស់ពួកគេ។ ក្រុមហេគឃ័របានធ្វើការបញ្ចុះបញ្ចូល និងទាក់ទងទៅកាន់ជនរងគ្រោះនេះតាមរយៈស្មាតហ្វូន ឬអ៊ីម៉ែល។ គួរបញ្ជាក់ផងដែរថានៅក្នុងសហរដ្ឋអាមេរិក ការបោកប្រាស់ស្នេហានេះបណ្តាលអោយមានការខាតបង់ទឹកប្រាក់ចំនួន 547 លានដុល្លារអាមេរិកនៅក្នុងឆ្នាំ 2021 និងការបោកប្រាក់ BEC Scams ដែលមានការខាតបង់ទឹកប្រាក់ជាង 2.4 ពាន់លានដុល្លារអាមេរិក៕