កាលពីថ្ងៃសុក្រ ក្រុមហ៊ុនទូរស័ព្ទដៃកូរ៉េខាងត្បូងម៉ាកសាំសុងបានថ្លែងថាខ្លួនបានជួបនូវឧប្បត្តិហេតុ ហើយបានបណ្តាលឱ្យព័ត៌មានអតិថិជនជាច្រើននាក់ត្រូវបានគេលួចប្រើប្រាស់។ គួរបញ្ជាក់ដែរថា នេះជាឧប្បត្តិហេតុលើកទី២ ហើយនៅក្នុងឆ្នាំនេះ។
ក្រុមហ៊ុនបានបង្ហើបប្រាប់ថា៖ “កាលពីចុងខែកកក្កដា ឆ្នាំ២០២២ ជនទី៣មិនស្គាល់អត្តសញ្ញាណបានទាញយកព័ត៌មានចេញពីប្រព័ន្ធសាំសុងនៅអាមេរិក”។ “រហូតដល់ថ្ងៃទី៤ ខែសីហា ឆ្នាំដដែល ទើបយើងបានដឹងច្បាស់ថា ព័ត៌មានឯកជនរបស់អតិថិជនយើងរងផលប៉ះពាល់”។ ជាងនេះទៀត ហេគឃ័របានប្រើព័ត៌មានអតិថិជនដូចជា ឈ្មោះ លេខទំនាក់ទំនង ព័ត៌មានប្រជាសាស្រ្ត ថ្ងៃខែឆ្នាំកំណើត និងព័ត៌មានលម្អិតពីការចុះឈ្មោះផលិតផល។ ក្រុមហ៊ុន មិនទាន់ដឹងច្បាស់ពីទំហំនៃផលប៉ះពាល់ និងក្រុមហេគនៅឡើយទេ។
ក្រៅពីជូនដំណឹងដល់អតិថិជនអំពីព្រឹត្តិការណ៍សុវត្ថិភាព ក្រុមហ៊ុនក៏បានចាត់វិធានការដើម្បីធានាដល់ប្រព័ន្ធរបស់ខ្លួន និងបានចូលរួមជាមួយក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតខាងក្រៅក្នុងគោលដៅពង្រឹងសុវត្ថិភាព។ ក្រុមហ៊ុនក៏បានផ្តល់អនុសាសន៍ដល់អតិថិជនដូចជា មិនត្រូវចុចលើលីង ឬបើកឯកសារភ្ជាប់ដែលមិនស្គាល់ប្រភពច្បាស់លាស់ ឬបើកគណនីរបស់ពួកគេក្នុងករណីសង្ស័យជាដាច់ខាត។
គួររំលឹកផងដែរថា កាលពី ៦ខែមុនក្រុមហ៊ុនសាំសុងបានជួបនឹងឧប្បត្តិហេតុស្រដៀងគ្នានេះម្តងរួចមកហើយ។ កាលពីខែមីនា ឆ្នាំ២០២២ ព័ត៌មានអតិថិជននៅក្នុងទូរស័ព្ទដៃ Galaxy ត្រូវបានបង្ហាញ ក្រុមហ៊ុនក៏បានសន្និដ្ឋានថាគឺជាស្នាដៃរបស់ក្រុម LAPSUS$។
ប្រភពព័ត៌មាន៖ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា