ការវាយប្រហារបន្លំលើកម្មវិធី Instagram ទាក់ទាញ​មនុស្ស​រាប់ពាន់នាក់​ជាមួយនឹង​ស្លាកសញ្ញាធីក​ពណ៌​ខៀវ

0

យុទ្ធនាការបន្លំលើកម្មវិធី Instagram ប៉ុនប៉ងបោកអ្នកប្រើប្រាស់ដោយផ្តល់ស្លាកសញ្ញាធីកពណ៌ខៀវ។ សូមបញ្ជាក់ថា គណនី ដែលទទួលបានសញ្ញាធីកព័ណ៌ខៀវតំណាងឱ្យបុគ្គលសាធារណៈ តារាល្បី ឬប្រេននានា ដែលមានសមត្ថភាពទទួលបានស្លាកសញ្ញាធីកពណ៌ខៀវពីបណ្តាញសង្គម។

ម៉េលផ្ញើសារបោកប្រាស់បានផ្ញើសាររំលឹកដល់អ្នកប្រើប្រាស់ឱ្យពិនិត្យមើលគណនីរបស់ពួកគេ និងកំណត់ថាអ្នកប្រើប្រាស់ទាំងនោះអាចដាក់ស្លាកសញ្ញាធីកពណ៌ខៀវបាន។ បន្ទាប់មក អ្នកប្រើប្រាស់ត្រូវចុចចូលដើម្បីបំពេញទម្រង់បែបបទនានា ដើម្បីអាចទទួលបានស្លាកសញ្ញាធីកពណ៌ខៀវនោះ។ បើអ្នកប្រើប្រាស់មិនបានចុចមើលសារដែលផ្ញើជូនដំណឹងនោះទេ សារនោះនឹងត្រូវបានលុបចោលនៅក្នុងរយៈពេល៤៨ម៉ោងក្រោយ។

អ្នកវាយប្រហារបានប្រើឈ្មោះដូម៉េន teamcorrectionbadges ដើម្បីបន្លំជាដូម៉េនផ្លូវការដែលមានតួនាទីដើម្បីផ្ទៀងផ្ទាត់សម្រាប់អ្នកប្រើប្រាស់កម្មវិធី។ ផ្ទាំងបំពេញទម្រង់បែបបទនោះនឹងទាមទារឱ្យមានការបំពេញឈ្មោះអ្នកប្រើប្រាស់ ម៉េល លេខទូរស័ព្ទ និងលេខសម្ងាត់ ដើម្បីបញ្ជាក់ពីគណនីរបស់ពួកគេ។ បន្ទាប់ពីអ្នកប្រើប្រាស់បានបំពេញរួចរាល់ នឹងមានសារជូនដំណឹងថា​ គណនីរបស់ពួក​គេបានផ្ទៀងផ្ទាត់រួចរាល់ ហើយក្រុម Instagram team នឹងទាក់ទងទៅអ្នកប្រើប្រាស់នារយៈពេលដ៏ខ្លី។ ចុងក្រោយ អ្នកវាយប្រហារក៏បង្ហាញអត្តសញ្ញាណសម្គាល់ (ID) ក្លែងក្លាយដល់ជនរងគ្រោះទាំងនោះ។
 
សរុបសេចក្តីមក ដោយសារតែមានយុទ្ធនាការវាយប្រហារប្រភេទ Phishing emails ជាច្រើន ដូច្នេះហើយ ក្រុមហ៊ុន Instagram បានបន្ថែមមុខងារ ផ្ទៀងផ្ទាត់២កត្តាដល់គណនីរបស់អ្នកប្រើប្រាស់ទាំងអស់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន cyware ចុះផ្សាយថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២
 

LEAVE A REPLY

Please enter your comment!
Please enter your name here