ជនរងគ្រោះនៃមេរោគចាប់ជម្រិតបានបង់ប្រាក់ ៤៥៩,៨លានដុល្លារនៅក្នុងឧក្រិដ្ឋកម្មសាយប័រនៅពាក់កណ្តាលឆ្នាំ២០២៤ ដែលជាកំណត់ត្រាថ្មីនៅឆ្នាំនេះ ប្រសិនបើការបង់ប្រាក់លោះនៅតែបន្តនៅក្នុងកម្រិតនេះ។កាលពីឆ្នាំមុន ការបង់ប្រាក់លោះបានឈានដល់កំណត់ត្រាចំនួន ១,១ពាន់លានដុល្លារ ដែលក្រុមហ៊ុន Chainalysis បានប៉ាន់ប្រមាណចេញពីស្ថិតិដែលប្រមូលបាននៅក្នុងពាក់កណ្តាលឆ្នាំ នៅពេលដែល សកម្មភាពនៃការចាប់ជម្រិតដោយមេរោគមានចំនួនសរុបដល់ទៅ ៤៤៩,១លានដុល្លារ។ បច្ចុប្បន្ន យើងឈរនៅកម្រិតខ្ពស់ជាងឆ្នាំ២០២៣ ប្រមាណជា ២% នៅពេលដូចគ្នានេះ បានធ្វើការបំបែកនូវកំណត់ត្រាថ្មី បើទោះជាប្រតិបត្តិការនៃការអនុវត្តច្បាប់បានបង្រ្កាបដល់ប្រតិបត្តិការ Ransomware-as-a-Service ដូចជា LockBit យ៉ាងណាក្តី។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Chainalysis បានបង្ហាញពីការកើនឡើងដោយផ្អែកទៅលើក្រុមមេរោគចាប់ជម្រិត ដែលផ្តោតលើការបង់ប្រាក់លោះនូវចំនួនដ៏ច្រើន ដោយការកំណត់គោលដៅលើអង្គភាពធំៗ ដើម្បីបង្កើនការរំខាន និងលួចទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជន។ របាយការណ៍ដដែលនេះបានបន្ថែមថា នៅឆ្នាំ២០២៤ ត្រូវបានកំណត់ថាគឺជាឆ្នាំដែលរកប្រាក់ចំណូលបានខ្ពស់បំផុតពីការបង់ប្រាក់លោះ ដោយសារតែមិនមានក្រុមហ៊ុនតូចតាចត្រូវបានវាយប្រហារនោះទេ ភាគច្រើនសុទ្ធសឹងតែជាក្រុមហ៊ុនធំ និងប្រមូលបានប្រាក់ច្រើន។ នៅឆ្នាំ២០២៤ ត្រូវបានមើលឃើញថាមានការបង់ប្រាក់លោះច្រើនបំផុតប្រមាណជា ៧៥លានដុល្លារទៅឱ្យក្រុមមេរោគចាប់ជម្រិត Dark Angels។ វាមិនច្បាស់ថា តើនរណាជាអ្នកបង់ប្រាក់លោះដ៏ច្រើននោះទេ ប៉ុន្តែ Zscaler បាននិយាយថាជាក្រុមហ៊ុន Fortune 50។ វាច្បាស់ថាហេគឃ័រមានគោលដៅលើក្រុមហ៊ុនធំៗ គឺដើម្បីបង្កើនប្រាក់លោះ ដែលមានចំនួនចាប់ពីក្រោម ១៩៩ពាន់ដុល្លារ កាលពីដើមឆ្នាំ២០២៣ ទៅ ១,៥លានដុល្លារនៅខែមិថុនា ឆ្នាំ២០២៤។
ក្រុមហ៊ុន Chainalysis ថ្លែងថា ចំនួននៃការវាយប្រហារដោយមេរោគចាប់ជម្រិតត្រូវបានបញ្ជាក់ បើយោងតាមទីភ្នាក់ងារស៊ើបអង្កេត eCrime.ch Intelligence បានកើនឡើង ១០% នៅឆ្នាំ២០២៤ ខណៈដែលការកើនឡើងស្រដៀងគ្នានេះដែរ អាចត្រូវបានមើលឃើញនៅក្នុងចំនួនដ៏ច្រើននៃជនរងគ្រោះត្រូវបានបង្ហាញនៅលើ Portals ជម្រិតទារប្រាក់នៃគេហទំព័រទីផ្សារងងឹត។ ចំនួនជនរងគ្រោះជាច្រើនបានយល់ព្រមបង់ប្រាក់លោះដើម្បីជាថ្នូរនឹង Descriptor និងការសន្យាមិនបង្ហាញទិន្នន័យដែលលួចបាន។ ទិន្នន័យរបស់ក្រុមហ៊ុនបង្ហាញថា ការបង់ប្រាក់លោះសរុបបានធ្លាក់ចុះ ២៧,២៧% ពីមួយឆ្នាំទៅមួយឆ្នាំ ដូច្នេះអត្រានៃការបង់ប្រាក់លោះនៅតែបន្តធ្លាក់ចុះ។ របាយការណ៍ Coveware បង្ហាញថា យោងតាមការបង់ប្រាក់លោះនៅត្រីមាសទី១ នៃឆ្នាំមានកំណត់ត្រាទាបត្រឹមតែ ២៨%។
ទិដ្ឋភាពទូទៅនៃឧក្រិដ្ឋកម្មគ្រីបតូ៖ ក្រុមហ៊ុន Chainalysis ក៏បានរាយការណ៍ថា ប្រាក់គ្រីបតូដែលត្រូវបានលួចបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលមានការកើនឡើងពី ៨៥៧លានដុល្លារ ទៅ ១,៥៨ពាន់លានដុល្លារ បើគិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤។ តម្លៃជាមធ្យមនៃប្រាក់គ្រីបតូដែលលួចនៅក្នុងការបន្លំបានកើនឡើងប្រមាណជា ៨០% ជាមួយនឹងគោលដៅនៃឧក្រិដ្ឋកម្មសាយប័រ ដែលផ្តោតលើការផ្លាស់ប្តូរជាចម្បងជំនួសឱ្យពិធីការហិរញ្ញវត្ថុ (DeFi) ដែលទទួលរងការវាយប្រហារភាគច្រើនកាលពីឆ្នាំមុន។ បើទោះជាមានការកើនឡើង វាបានបង្ហាញថា សកម្មភាពនៃឆបោកនេះបានធ្លាក់ចុះនៅត្រឹម ២០% បើធៀបទៅនឹងឆ្នាំ២០២៣ ដែលបង្ហាញថា ការប្រើប្រាស់ប្រាក់គ្រីបតូស្របច្បាប់កំពុងតែកើនឡើងនៅក្នុងអត្រាលឿនជាងមុន៕
ប្រភពព័ត៌មាន៖ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤