ទីភ្នាក់ងារប្រតិបត្តិការច្បាប់អន្តរជាតិបានបិទហាង WT1SHOP ជាទីផ្សារឧក្រឹដ្ឋកម្មអនឡាញ លក់អត្តសញ្ញាណ និងព័ត៌មានឯកជន ដែលលួចបាន។
យុទ្ធធនាការធ្វើឡើងដោយអាជ្ញាធរប៉ទុយហ្គាល់ និងអាមេរិក រឹបអូសយកដូមិនចំនួន៤ មានដូចជា៖ “wt1shop[.]net,” “wt1store[.]cc,” “wt1store[.]com,” and “wt1store[.]net”។ គេហទំព័រទាំងនេះលួចព័ត៌មានអត្តសញ្ញាណ (PII) ជាង ៥,៨៥លាន ដែលនៅក្នុងនោះមាន ប័ណ្ណបើកបរ/លិខិតឆ្លងដែនចំនួន ២៥ពាន់, អត្តសញ្ញាណឡុកចូល (login) ចំនួន ១,៧លាន, គណនីធនាគារ ១០៨ពាន់, កាតធនាគារ ២១,៨ពាន់ បើយោងតាមសំដីរបស់ក្រសួងយុត្តិធម៌។
ក្រសួងយុត្តិធម៌បានបកស្រោមមុខជនល្មើស ឈ្មោះ Nicolai Colesnicov អាយុ ៣៦ឆ្នាំ មកពីសាធារណរដ្ឋ ម៉ុលដាវី ជាមេក្លោងដឹកនាំទីផ្សារខុសច្បាប់នេះ។ ជាងនេះទៀត ជនល្មើសរូបនេះ បានផ្សំគំនិត និងជួញដូរឧបករណ៍ដោយគ្មានការអនុញ្ញាត។ ជនល្មើសរូបនេះ អាចនឹងជាប់គុករយៈពេល ១០ឆ្នាំ ប្រសិនបើមានការកាត់ទោស។
យោងតាមឯកសារតុលាការ ទីផ្សារ WT1SHOP នេះប្រើប្រាស់ Bitcoin ជាមធ្យោបាយទូរទាត់ប្រាក់នៅពេលជួញដូរព័ត៌មានឯកជន (PII)។ នៅក្នុងហាង មានអ្នកទិញ ១០៦,២៧៣ នាក់ និង អ្នកលក់ ៩៤នាក់ ហើយមានអត្តសញ្ញាណប្រហែល ៥,៨៥លាន់ សម្រាប់ដាក់លក់កាលពីខែឆ្នូ ឆ្នាំ២០២១។
ការវិវឌ្ឍទីផ្សារនេះ កើតឡើងក្នុងរយៈពេលជាង១ឆ្នាំ បន្ទាប់ពីទីភ្នាក់ងារអនុវត្តច្បាប់មកពីអាមេរិក អាល្លឺម៉ង់ ហូឡង់ និងរ៉ូម៉ានី បានបង្អាក់ និងដកហូតហេដ្ឋារចនាសម្ព័ន្ធទីផ្សារងងឹត ដែលគេស្គាល់ថាជា Slilpp ជំនាញផ្នែកលក់អត្តសញ្ញាណ ដែលត្រូវបានលួច៕
ប្រភពព័ត៌មាន៖ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា