ទីភ្នាក់ងារអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធនៃប្រទេសព័រទុយហ្គាល់ (EMGFA) បានរងនូវការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត (cyberattack)ដែលអនុញ្ញាតអោយហេគឃ័រអាចលួចយកនូវឯកសារជាច្រើនរបស់ណាតូ (NATO) ហើយពេលនេះឯកសារទាំងនេះត្រូវបានដាក់លក់នៅលើ dark web ។ EMGFA គឺជាទីភ្នាក់ងាររដ្ឋាភិបាលដែលទទួលខុសត្រូវក្នុងការគ្រប់គ្រង ការធ្វើផែនការ និងប្រតិបត្តិការជាច្រើនរបស់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសព័រទុយហ្គាល់។
ទីភ្នាក់ងារនេះដឹងថាខ្លួនរងនូវការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបន្ទាប់ពីក្រុមហេគឃ័របានបង្ហោះនូវឯកសារដែលលួចបាន និងដាក់លក់នូវ files នេះនៅក្នុង dark web ។ ទីភ្នាក់ងារស៊ើបការណ៍តាមប្រព័ន្ធអ៊ីនធឺណិតបានជូនដំណឹងអំពីការលក់ទិន្នន័យឯកសារដែលបានលួចនេះ និងជូនដំណឹងទៅកាន់ស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងទីក្រុង Lisbon និងព្រមានទៅកាន់រដ្ឋាភិបាលរបស់ប្រទេសព័រទុយហ្គាល់អំពីការបែកធ្លាយទិន្នន័យផងដែរ។
ភ្លាមៗនោះ ក្រុមអ្នកជំនាញរបស់ការិយាល័យសន្តិសុខជាតិ (GNS) និងមជ្ឈមណ្ឌលសនិ្តសុខតាមអ៊ីនធឺណិតជាតិរបស់ប្រទេសព័រទុយហ្គាល់ក៏ធ្វើការពិនិត្យមើលទៅលើប្រព័ន្ធ network ផងដែរ។ មកទល់ពេលេះ វានៅមិនទាន់មានសេចក្តីប្រកាសជាផ្លូវការពីប្រទេសព័រទុយហ្គាល់នៅឡើយទេ៕