បន្ទាប់ពីហេកឃ័របានលួចចូលគណនីអ៊ីមែលបុគ្គលិក និងបានចូលប្រើព័ត៌មានផ្ទាល់ខ្លួន ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានជូនដំណឹងដល់អតិថិជនរបស់ខ្លួនថា ពួកគេបានរងគ្រោះនៃការរំលោភបំពានទិន្នន័យនាពេលថ្មីៗនេះ។
លិខិតជូនដំណឹងក៏ត្រូវបានផ្ញើទៅកាន់អតិថិជនថាក្រុមហ៊ុនអាកាសចរណ៍មិនមានតម្រុយណាមួយទាក់ទងនឹងការប៉ះពាល់ និងការកេងប្រវ័ញ្ចលើទិន្នន័យនោះទេ។
នៅថ្ងៃទី 5 ខែកក្កដា ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានរកឃើញថាពួកគេត្រូវបានគេហេក បន្ទាប់ពីមានការរំលោភបំពាន់លើប្រព័ន្ធសុវត្ថិភាព ពួកគេក៏បានធ្វើការភ្លាមៗលើគណនីអ៊ីម៉ែលដែលរងផលប៉ះពាល់ដោយបានធានាសុវត្ថិភាពលើអ៊ីម៉ែលទាំងនោះវិញ។
ក្រុមហ៊ុនក៏បានស្វែងរកជំនួយពីក្រុមហ៊ុនកោសល្យវិច្ច័យសន្តិសុខតាមអ៊ីនធឺណិត ដើម្បីធ្វើការស៊ើបអង្កេតលើការរំលោភបំពានប្រព័ន្ធសុវត្ថិភាពនេះផងដែរ។
ការវាយប្រហារនេះអាចនឹងលាតត្រដាងព័ត៌មានផ្ទាល់ខ្លួនរបស់និយោជិត និងអតិថិជនដូចជា៖
- ឈ្មោះ
- ថ្ងៃខែឆ្នាំកំណើត
- អាសយដ្ឋានសំបុត្រ
- លេខទូរសព្ទ
- អាសយដ្ឋានអ៊ីមែល
- លេខប័ណ្ណបើកបរ
- លេខលិខិតឆ្លងដែន
- ព័ត៌មានវេជ្ជសាស្រ្ត
ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានផ្តល់ប្រាប់ថាពួកគេគួរតែតាមដានរបាយការណ៍ឥណទានឥតគិតថ្លៃរបស់ពួកគេ ហើយពិនិត្យមើលរបាយការណ៍គណនីរបស់ពួកគេឱ្យបានញឹកញាប់ ដើម្បីរក្សាការប្រុងប្រយ័ត្ន។
បច្ចុប្បន្ននេះ ក្រុមហ៊ុនបានអះអាងថា ពួកគេកំពុងការពារផ្នែកបច្ចេកទេសបន្ថែមទៀតទៅលើប្រព័ន្ធដែលមានស្រាប់របស់ពួកគេ ដើម្បីជៀសវាងការកើតឡើងនៃព្រឹត្តិការណ៍បែបនេះនាពេលអនាគត។
ប្រភព ថ្ងៃទី២១ ខែ០៩ ឆ្នាំ២០២២