កាលពីថ្ងៃអង្គារ ផ្លេតហ្វមមេតា បានរុះរើប្រតិបត្តិការសម្ងាត់ចំនួន២ ដែលមកពីចិន និងរ៉ុស្ស៊ី ពាក់ព័ន្ធនឹងឥរិយាបថនៃការសម្របសម្រួលដែលមិនត្រឹមត្រូវជាសាធារណៈ។
ខណៈដែលចិន សំដៅទៅរកអាមេរិក និងសាធារណរដ្ឋឆែក រ៉ុស្ស៊ីឆ្ពោះទៅរកអាឡឺម៉ង់, បារាំង, អ៊ីតាលី, អ៊ុយក្រែន និងអង់គ្លេស ដែលស្ថិតនៅជុំវិញសង្គ្រាមអ៊ុយក្រែន។
រ៉ុស្ស៊ីចាប់ផ្តើមសកម្មភាពនៅខែឧសភា ឆ្នាំ២០២២ ក្លែងបន្លំសារព័ត៌មានអ៊ឺរ៉ុបដូចជា Der Spiegel, The Guardian និង Bild និងបង្កើតគណនីបន្លំជាច្រើនផ្លេតហ្វម ពាក់ព័ន្ធនឹងការគាំទ្ររ៉ុស្ស៊ី។ នៅក្នុងនោះ រ៉ុស្ស៊ីប្រើគេហទំព័រក្លែងក្លាយ ដោយប្រើភាសាអង់គ្លេស, បារាំង, អាឡឺម៉ង់, អ៊ីតាលី, អេស្បាញ, រ៉ុស្ស៊ី និងអ៊ុយក្រែន។ ឧទាហរណ៍ៈ ដូចជាការផ្សាយតាមរយៈគណនីស្ថានទូតរ៉ុស្ស៊ី។
មេតាបានថ្លែងថា គណនីក្លែងក្លាយទាំងនេះត្រូវបានកត់ចំណាំ និងលុបចោលដោយប្រព័ន្ធស្វ័យប្រវត្តិ។ មានគណនីជាង ១,៦៣៣, គេហទំព័រចំនួន ៧០៣, គណនីហ្វេសប៊ុកក្រុមចំនួន ១ និង ២៩គណនីនៅ Instagram ត្រូវបានប្រើ ដើម្បីផ្សព្វផ្សាយ ថែមទាំងចំណាយប្រាក់ប្រហែល ១០៥ពាន់ដុល្លារ នៅក្នុងការផ្សាយពាណិជ្ជកម្ម ដើម្បីផ្សាយអត្ថបទ (articles) តាមរយៈប្រព័ន្ធផ្សព្វផ្សាយទាំងពីរនេះ។
រីឯ ចិន សំដៅទៅអាមេរិក និងរដ្ឋឆែក។ នៅក្នុងប្រតិបត្តិការនេះ ហេគឃ័រ ចែកចេញជា ៤ទម្រង់ និងមានរយៈពេលខ្លី ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១ ដល់ពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២២។ រួមមានគណនីហ្វេសប៊ុកចំនួន ៨១, គេហទំព័រចំនួន ៨, គណនីក្រុម១ និងគណនីឯកជន ២ នៅលើ Instagram។
ក្រុមហ៊ុនបានកត់សម្គាល់ថាៈ នៅអាមេរិក ហេគឃ័រសំដៅលើអ្នកនយោបាយទាំងសងខាង។ រីឯនៅឆែក ពួកគេសំដៅលើអ្នកប្រឆាំងនឹងរដ្ឋាភិបាល រិះគន់រដ្ឋ និងវិបត្តិសេដ្ឋកិច្ចនៅឆែក និងប្រើការរិះគន់ប្រឆាំងនឹងចិន។
មេតា មិនបានបង្ហាញភស្តុតាងពីការកំណត់គណនីក្លែងក្លាយ ឬបុគ្គលជាក់លាក់នៅក្នុងប្រទេសទេ។ ប៉ុន្តែ នាពេលថ្មីៗនេះ ក្រុមហ៊ុនបានលុបចេញនូវបណ្តាញទាំងពីរនេះ ដើម្បីដោះស្រាយបញ្ហាព័ត៌មានក្លែងក្លាយ។