នៅក្នុងទីផ្សារវេបសាយងងឹត (dark web) ដែលមានឈ្មោះហៅថា ‘BidenCash’ ទើបតែផ្តល់ជូននូវទិន្នន័យនៃកាតឥណទានចំនួន 1,221,551 កាតដើម្បីផ្សព្វផ្សាយទៅលើផ្សារ (marketplace) របស់ពួកគេ ហើយអ្នកណាក៏អាចដោនឡូតបានដោយឥតគិតថ្លៃផងដែរក្នុងគោលដៅក្លែងបន្លំនូវផ្នែកហិរញ្ញវត្ថុ។
Carding គឺជាវិធីសាស្រ្តនៅក្នុងការជួញដូរ និងការប្រើប្រាស់នូវកាតឥណទានដែលលួចបានតាមរយៈមេរោគ point-of-sale malware ការវាយប្រហារនៅលើវេបសាយជាច្រើន ឬមេរោគ malware លួចព័ត៌មាន។ BidenCash គឺជាទីផ្សារកន្លែងលក់កាតដែលលួចបានដែលបង្ហាញខ្លួននៅក្នុងខែមិថុនាឆ្នាំ 2022 នេះ ហើយវាក៏មានការទម្លាយនូវកាតជាច្រើនពាន់ទិន្នន័យនៅក្នុងការផ្សព្វផ្សាយនូវវេទិកានេះផងដែរ។
ពេលនេះ ប្រតិបត្តិករជាច្រើននៅលើទីផ្សារនេះសម្រេចចិត្តក្នុងការផ្សព្វផ្សាយនូវវេទិការបស់ពួកគេតាមរយៈវិធីសាស្រ្តដែល platform ‘All World Cards’ បានធ្វើនៅក្នុងខែសីហា ឆ្នាំ 2021 ។ ក្រុមហេគឃ័រប្រកាសថាURLs BidenCash បានដំណើរការកាលពីចុងខែមុននេះដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ DDoS (distributed denial of service) ។
សម្រាប់កាតដែលបានទម្លាយចំនួន 1.2 លាននេះមានព័ត៌មានដូចជា៖ លេខកាត, កាលបរិច្ឆេទផុតកំណត់, លេខ CVV, ឈ្មោះអ្នកកាន់កាប់កាត, ឈ្មោះធនាគារ, ប្រភេទកាតឥណទាន, អាសយដ្ឋានអ្នកកាន់កាប់, អ៊ីម៉ែល, លេខ SSN និងលេខទូរស័ព្ទ។ អ្នកវិភាគជាច្រើនអះអាងថា កាតនេះគឺមានប្រភេទចេញពី web skimmers ដែលបានហេគចេញពី e-commerce sites ដែលពាក់ព័ន្ធទៅនឹងការបញ្ចូលកាតឥណទាន និងព័ត៌មានរបស់អតិថិជន៕