ប៉ូលិសសហព័ន្ធរបស់ប្រទេសអូស្រា្តលី (AFP) បានចាប់ខ្លួនជនសង្ស័យចំនួន ៤ នាក់ដែលជាសមាជិកនៅក្នុងក្រុមបោកប្រាស់ទៅលើការវិនិយោគហិរញ្ញវត្ថុ ហើយគេជឿជាក់ថាយុទ្ធនាការនេះបានលួចទឹកប្រាក់ជាង ១០០ លានដុល្លារអាមេរិកពីជនរងគ្រោះជាច្រើននៅជុំវិញពិភពលោក។
ជនសង្ស័យទាំង ៤ នាក់នេះគឺជាជនជាតិចិនដែលរស់នៅក្នុងទីក្រុងស៊ីដនី។ AFP ចាប់ផ្តើមធ្វើការស៊ើបសង្កេតក្រុមនេះចេញពីក្រុមសេវាសម្ងាត់របស់សហរដ្ឋអាមេរិក (USSS) ។ តាមការប្រកាសរបស់ប៉ូលិស បុរស ៤ នាក់នេះគឺជាប់ពាក់ព័ន្ធទៅនឹងការបោកប្រាស់នៅក្នុងសហរដ្ឋអាមេរិកដែលក្រុមអ្នកអនុវត្តច្បាប់នៅក្នុងសហរដ្ឋអាមេរិកបានធ្វើការស៊ើបអង្កេតតាំងពីខែសីហា ឆ្នាំ ២០២២ ។
នៅក្នុងការប្រកាសនេះ “ការវិភាគទៅលើរបាយការណ៍ជាច្រើនរបស់ជនរងគ្រោះនោះ ប៉ូលិសរកឃើញថាវាមានការខាតបង់ទឹកប្រាក់ជាង ១០០ លានដុល្លារអាមេរិកនៅជុំវិញពិភពលោកពាក់ព័ន្ធទៅនឹងការឆបោកនេះ ហើយជនរងគ្រោះមួយភាគធំគឺមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក។” ជនសង្ស័យ ២ នាក់វ័យ ១៩ ឆ្នាំត្រូវបានចាប់ខ្លួននៅថ្ងៃទី ២០ ខែតុលាឆ្នាំ ២០២២ នេះ ហើយ ២ នាក់ទៀតត្រូវចាប់ខ្លួននៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះនៅក្នុងព្រលានយន្តហោះ Sydney និង Melbourne ខណៈពេលដែលជនទាំង២ នាក់ (វ័យ ២៤ និង ២៧ ឆ្នាំ) ព្យាយាមក្នុងការហោះទៅកាន់ទីក្រុងហុងកុង៕