គណកម្មការការពារទិន្នន័យអៀរឡង់ (DPC) បានផាកពិន័យក្រុមហ៊ុមមេតា ជាទឹកប្រាក់ចំនួន ៣៩០លានអឺរ៉ូ (ប្រមាណជា ៤១៤លានដុល្លារ) ពីបទល្មើសយកទិន្នន័យអ្នកប្រើប្រាស់ទៅ បម្រើសេវាផ្សាយពាណិជ្ជកម្ម។ ចំពោះករណីនេះ ច្បាប់ឯកជនភាពបានបញ្ជាក្រុមហ៊ុមមេតានៅប្រទេសអៀរឡង់ ត្រូវតែបង់ប្រាក់ពិន័យចំពោះបទល្មើសចំនួន២៖ ទឹកប្រាក់ចំនួន ២១០លានអឺរ៉ូ (ប្រមាណជា ២២២,៥លានដុល្លារ) បង់លើបទល្មើសឈ្លានពានលើច្បាប់ការពារទិន្នន័យទូទៅរបស់អឺរ៉ុប (GDPR) ពាក់ព័ន្ធនឹងកម្មវិធីហ្វេសប៊ុក និងទឹកប្រាក់ចំនួន ១៨០លានអឺរ៉ូ (ប្រមាណជា ១៩១លានដុល្លារ) ពាក់ព័ន្ធនឹងបទល្មើសស្រដៀងគ្នាដែរ នៅក្នុងកម្មវិធី Instagram។
ការអនុវត្តច្បាប់ចុងក្រោយ ក៏បានដាស់តឿនដល់ក្រុមហ៊ុនបណ្តាញសង្គមផ្សេងទៀត ដែលប្រើវិធីសាស្រ្តបែបនេះ ដើម្បីបង្ខំអ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីពួកគេ ឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្មអាចឆ្លៀតឱកាសកេងចំណេញពីសកម្មភាពអនឡាញរបស់ពួកគេបាន។ ក៏មានពាក្យបណ្តឹង កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ហើយនៅថ្ងៃនេះ ច្បាប់ការពារទិន្នន័យ (GDPR) ក៏ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព នៅក្នុងតំបន់ផងដែរ។
សេចក្តីសម្រេចរបស់គណៈកម្មការការពារទិន្នន័យ (DPC) មិនអនុញ្ញាតឱ្យក្រុមហ៊ុនមេតា ពឹងផ្អែកលើកិច្ចសន្យាទេ។ សរុបមក ការទទួលយកលក្ខខណ្ឌនៃសេវាកម្មរបស់ក្រុមហ៊ុន (Terms of Service) ជាមូលដ្ឋានច្បាប់សម្រាប់ដំណើរការទិន្នន័យអ្នកប្រើប្រាស់ ដើម្បីការផ្សាយពាណិជ្ជកម្មតាមចំណូលចិត្តអ្នកប្រើ ត្រូវបានចាត់ទុកថាជាការអនុវត្តការផ្សាយពាណិជ្ជកម្មខុសច្បាប់។ DPC បានថ្លែងថា ក្រុមហ៊ុនមេតា នៅប្រទេសអៀរឡង់ មិនមានសិទ្ធិប្រើប្រាស់កិច្ចសន្យា ដើម្បីផ្សាយពាណិជ្ជកម្មទាំងហ្វេសប៊ុក និង Instagram ទេ ហើយការប្រើប្រាស់ទិន្នន័យអ្នកប្រើប្រាស់នោះបានបំពានលើមាត្រា៦ នៃច្បាប់ការពារទិន្នន័យ (GDPR)។
ក្រុមហ៊ុនមេតា បានចង្អុលបង្ហាញថា វាសំខាន់ណាស់ចំពោះការសម្រេចចិត្តមិនរារាំងការផ្សាយពាណិជ្ជកម្ម នៅលើវេទិការរបស់យើង ហើយការសម្រេចចិត្តក៏មានមូលដ្ឋានច្បាប់ផងដែរ ដែលក្រុមហ៊ុនមេតាបានប្រើនៅពេលផ្តល់ការផ្សាយពាណិជ្ជកម្មជាក់លាក់ណាមួយនោះ។ ក្រុមហ៊ុន ក៏បានបន្ថែមថា មិនយូរទៀតទេ ក្រុមហ៊ុននឹងបញ្ឈប់ការផ្សាយពាណិជ្ជកម្មទៅកាន់អ្នកប្រើប្រាស់នៅអឺរ៉ុប ដែលគ្មានការយល់ព្រមពីពួកគេថា “មិនត្រឹមត្រូវ” និងពុំមានការបញ្ជាក់លម្អិតពីបទបញ្ញត្តិលើបញ្ហានេះដែរ។
សារជាថ្មីម្តងទៀត ការពិន័យជាទឹកប្រាក់លើច្បាប់ឯកជនភាពចំពោះក្រុមហ៊ុនមេតា នៅអឺរ៉ុប និងអាមេរិក កើតមានកាលពីឆ្នាំមុន។ នៅក្នុងខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុនបានយល់ព្រមបង់ប្រាក់សរុបចំនួន ៧២៥លានដុល្លារ ពីបទល្មើសផ្តល់សិទ្ធិឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្មប្រើប្រាស់ទិន្នន័យអ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីពួកគេ។ គួររំលឹកផងដែរថា កាលពីឆ្នាំ២០១៨ ក្រុមហ៊ុនហ្វេសប៊ុក ក៏បានទម្លាយព័ត៌មានអ្នកប្រើប្រាស់ជាង ៨៧លាននាក់ ទៅកាន់ក្រុមហ៊ុនប្រឹក្សានយោបាយអង់គ្លេស Cambridge Analytica ដើម្បីជូនដំណឹងពីយុទ្ធនាការនយោបាយ៕
ប្រែសម្រួលដោយ៖ កញ្ញា