ហាងលក់គ្រឿងស្រវឹងធំបំផុតរបស់ប្រទេសកាណាដា Liquor Control Board of Ontario (LCBO), បានទម្លាយថា ក្រុមហេគឃ័របានវាយប្រហារទៅលើវេបសាយរបស់ខ្លួនជាមួយនឹងការបញ្ច្រាបនូវកូដមេរោគដើម្បីលួចព័ត៌មានអ្នកប្រើប្រាស់និងទិន្នន័យកាតឥណទាននៅក្នុងពេល check-out ។ LCBO ទម្លាយនៅថ្ងៃពុធនេះថា នៅក្នុងស៊ើបអង្កេតដោយភាគីទី ៣ រកឃើញនូវ script សម្រាប់លួចព័ត៌មានកាតឥណទានបាន។
LCBO និយាយថា “នៅក្នុងខណៈពេលនេះ យើងអាចបញ្ជាក់បានថា ក្រុមហេគឃ័របានដាក់កូដមេរោគទៅក្នុងវេបសាយរបស់យើងដែលត្រូវបានឌីស្សាញឡើងដើម្បីទទួលបាននូវព័ត៌មានរបស់អតិថិជននៅក្នុងពេលដំណើរការនៃការ check-out ។ សម្រាប់អតិថិជនជាច្រើនដែលបានផ្តល់នូវព័ត៌មានផ្ទាល់ខ្លួននៅលើទំព័រ check-out pages និងដំណើរការនៅលើ payment page របស់វេបសាយ LCBO.comចាប់ពីថ្ងៃទី 5 ខែមករាដល់ថ្ងៃទី 10 ខែមករា ឆ្នាំ ២០២៣ នេះអាចប្រហែលជារងនូវការបែកធ្លាយទិន្នន័យ។”
ខណៈពេលដែល script មេរោគនេះនៅតែមានសកម្មភាពនៅលើវេបសាយរបស់ក្រុមហ៊ុននេះ អ្នកវាយប្រហារនៅតែអាចធ្វើការប្រមូលទិន្នន័យផ្ទាល់ខ្លួន និងហិរញ្ញវត្ថុបាននៅក្នុងពេល check-out ។ ទិន្នន័យទាំងនេះមានឈ្មោះរបស់អ្នកប្រើប្រាស់ អ៊ីម៉ែល និងអាសយដ្ឋាន ព័ត៌មានកាតឥណទាន និងលេខសម្ងាត់គណនីនៅលើ LCBO.com ជាដើម។ សម្រាប់អតិថិជនដែលបានប្រើប្រាស់នូវកម្មវិធី mobile app ឬ vintagesshoponline.com ដើម្បីធ្វើការបញ្ជាទិញនោះគឺមិនមានបញ្ហាឆ្លងមេរោគនោះទេ។ ក្រុមហ៊ុននឹងបន្តក្នុងការស៊ើបអង្កេតទៅលើឧប្បត្តិវហេតុនេះ និងធ្វើការជូនដំណឹងទៅកាន់អតិថិជនជាច្រើនដែលបានរងគ្រោះដោយសារតែការបែកធ្លាយទិន្នន័យនេះផងដែរ៕