ការរឹតបណ្តឹងលើប្រព័ន្ធអ៊ីនធឺណិតបង្កផលប៉ះពាល់ដល់មនុស្សសរុបចំនួន ៤,២ពាន់លាននាក់នៅក្នុងឆ្នាំ២០២២ ជាមួយនឹងបុគ្គលដែលជួបប្រទះការរឹតបន្តឹងនៅលើប្រព័ន្ធអ៊ីនធឺណិតមានចំនួន ១១២ករណីនៅទូទាំង ៣២ប្រទេសរយៈពេលពេញមួយឆ្នាំនេះ។ ៣៤ករណីនៃបញ្ហាទាំងនេះចាប់ផ្តើមកើតឡើងនៅមុនឆ្នាំ២០២២ ខណៈពេលដែលបញ្ហាចំនួន ៧៨ករណីចាប់ផ្តើមក្នុងកំឡុងឆ្នាំ២០២២។
ទិន្នន័យថ្មីនេះទទួលមកពីរបាយការណ៍ដែលអ្នកផ្តល់សេវា VPN Surfshark ចែករំលែកជាមួយក្រុមការងារ Infosecurity ។ នៅក្នុងរបាយការណ៍មានខ្លឹមសារ ថា៖“រដ្ឋាភិបាលរបស់ប្រទេសមានការរឹតបណ្តឹងប្រព័ន្ធអ៊ីនធឺរណិតខ្លាំងបែរទៅរកការរំខានប្រព័ន្ធអ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីរក្សាការគ្រប់គ្រងរបស់ពួកគេ និងទប់ស្កាត់ភាពចលាចលស៊ីវិល គណបក្សនយោបាយប្រឆាំង ការបញ្ចេញមតិដោយសេរី និងការព្រួយបារម្ភអំពីសេដ្ឋកិច្ចសង្គម”។
យោងតាមទិន្នន័យថ្មីៗបង្ហាញថា រយៈពេលជាមធ្យមនៃការរំខានដល់ការតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតគឺមានរយៈពេល ៣៣ម៉ោង ហើយរយៈពេលជាមធ្យមនៃការរឹតត្បិតទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមគឺ ១១៤ថ្ងៃ។ក្រុមហ៊ុន Surfshark សរសេរថា៖“ក្នុងចំណោមព្រឹត្តិការណ៍ចាប់ពិរុទ្ធអ៊ីនធឺណិតទម្រង់ខ្ពស់ជាច្រើនក្នុងឆ្នាំ២០២២ តំបន់ ៤មានភាពលេចធ្លោជាងតំបន់ផ្សេងទៀត ។ ប្រទេសរុស្ស៊ី ប្រទេសឥណ្ឌា ប្រទេសអ៊ីរ៉ង់ និងតំបន់ចាមូ និងតំបន់កាស្មៀរ ទទួលការចុះផ្សាយព័ត៌មានជាអន្តរជាតិសម្រាប់ការរំខានលើប្រព័ន្ធអ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយសង្គមជាញឹកញាប់។”
នៅក្នុងលក្ខខណ្ឌនៃវេទិកាសង្គមដែលភាគច្រើនរងការកំណត់គោលដៅដោយរដ្ឋាភិបាលរបស់ប្រទេសដែលមានការរឹតបន្តឹងប្រព័ន្ធអ៊ីនធឺណិតខ្លាំង កម្មវិធី Facebook ឈរនៅលំដាប់កំពូលក្នុងតារាងឆ្នាំ២០២២បន្ទាប់មកគឺកម្មវិធី Instagram និងកម្មវិធី TikTok។ចុងក្រោយ ប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវគេរាយការណ៍ថា ត្រូវរឹតបន្តឹងដោយប្រទេសមានការរឹតបន្តឹងខ្លាំងជាច្រើនរាប់បញ្ជូលទាំងប្រទេសអាល់ស៊ែបៃហ្សង់ សហរដ្ឋអាមេរិក និងប្រទេសហ្សកដានី។
នៅក្នុងរបាយការណ៍ដដែលសរុបថា៖ “ខណៈពេលដែលយើងទាំងអស់គ្នាដឹងថាការចាប់ពិរុទ្ធលើប្រព័ន្ធអ៊ីនធឺរណិតនាំមកនូវផលវិបាកផ្សេងៗ និងគ្រោះថ្នាក់ជាច្រើន វាជាការវាយប្រហារលើឱកាសរបស់មនុស្សសម្រាប់ការរីកចម្រើន ចំណេះដឹង សេរីភាព និងលទ្ធិប្រជាធិបតេយ្យ ដែលធ្វើឲ្យបញ្ហាសំខាន់ និងមានតម្លៃក្នុងការនិយាយ។”របាយការណ៍នេះធ្វើឡើងនៅរយៈពេលពីរសប្តាហ៍ បន្ទាប់ពីក្រុមហ៊ុន WhatsApp ណែនាំដល់ការគាំទ្រប្រូកស៊ីដើម្បីដោះស្រាយយុទ្ធសាស្ត្ររំខានប្រព័ន្ធអ៊ីនធឺណិតដែលប្រើប្រាស់ដោយរដ្ឋាភិបាលដែលរឹតបណ្តឹងលើប្រព័ន្ធអ៊ីនធឺណិតខ្លាំង៕
ប្រែសម្រួល៖ប៉ោក លក្ខិណា