ប៉ូលិស FBI បានបញ្ជាក់ថា ក្រុមហេគឃ័រ ‘Lazarus’ និង APT38 ដែលគាំទ្រដោយរដ្ឋរបស់ប្រទេសកូរ៉េខាងជើងគឺស្ថិតនៅពិក្រោយការលួចយកនូវ Ethereum ដែលមានតម្លៃដល់ទៅ 100 លានដុល្លារអាមេរិកចេញពី Harmony Horizon នៅក្នុងខែមិថុនា ឆ្នាំ 2022 នេះ។
Harmony Horizon គឺជា cross-chain bridge សម្រាប់ Ethereum ដែលរងនូវការបំពាននៅក្នុងខែមិថុនា ឆ្នាំ 2022 ហើយវាអនុញ្ញាតអោយក្រុមហេគឃ័រអាចធ្វើការគ្រប់គ្រងទៅលើ MultiSigWallet contract និងប្រើប្រាស់វាដើម្បីធ្វើការផ្ទេរនូវ tokens យ៉ាងច្រើនទៅកាន់អាសយដ្ឋានរបស់ពួកគេ។ FBI បញ្ជាក់ថា ក្រុមហេគឃ័រ Lazarus និង APT38 របស់ប្រទេសកូរ៉េខាងជើងនេះគឺស្ថិតនៅពីក្រោយការវាយប្រហារនេះ។
ក្រុម Lazarus និង APT38 គឺមានការជាប់ពាក់ព័ន្ធទៅនឹង Democratic People’s Republic of Korea (DPRK) ហើយវាក៏មានរឿងពាក់ព័ន្ធទៅនឹងការលួចយកនូវ cryptocurrency ជាច្រើនក្នុងនាមជារដ្ឋាភិបាលផងដែរ។ ប៉ូលិស FBI និយាយថា ក្រុមហេគឃ័ររបស់កូរ៉េខាងជើងនេះបានលួច និងលាងរូបិយប័ណ្ណនិម្មិតនេះដើម្បីគាំទ្រទៅលើកម្មវិធីម៉ីស៊ីល និងអាវុធប្រល័យលោករបស់ពួកគេ។ កាលពីថ្ងៃទី 13 ខែមករានេះ ក្រុមហេគឃ័រក៏បានព្យាយាមក្នុងការផ្ទេរ 41,000 ETH ($63.5 លានដុល្លារអាមេរិក) តាមរយៈ Railgun ផងដែរ៕
ប្រែសម្រួល៖ ឆាន សុផា