ក្រុមប្រតិបត្តិការប្រឆាំងនឹងការវាយប្រហារ Ransomware សកល ដែលដឹកនាំដោយប្រទេសអូស្ត្រាលី ក្រោមការសហការជាមួយប្រទេសច្រើនជាង 37ប្រទេសផ្សេងទៀត ចាប់ផ្តើមធ្វើប្រតិបត្តិការនៅថ្ងៃចន្ទនេះហើយ ក្នុងគោលបំណងចែករំលែកព័តមានស៊ើបការណ៍សម្ងាត់ដើម្បីទប់ស្កាត់ការវាយប្រហារតាមប្រព័ន្ធឌីជីថលនាពេលអនាគត។
ក្រុមប្រតិបត្តិការនោះត្រូវបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ Counter Ransomware Initiative ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដែលធ្លាប់ជួបពិភាក្សាគ្នានៅសេតវិមាន White House កាលពីខែវិច្ឆិកា។ប្រតិបត្តិការនោះ មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការភ្នាក់ងារអនុវត្តច្បាប់សាកល ក៏ដូចជាការរក្សាសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺរណិត។ បន្ថែមពីនេះ ប្រតិបត្តិការនោះថែមទាំងចែករំលែកពីវិធីសាស្ត្រ អនុវត្ត និងក្របខណ្ឌអាជ្ញាធរច្បាប់។
គំនិតផ្តួចផ្តើមជាសកលនេះត្រូវរៀបចំឡើងដោយនាយកដ្ឋានកិច្ចការផ្ទៃក្នុងរបស់ប្រទេសអូស្ត្រាលី និងមជ្ឈមណ្ឌលសម្របសម្រួលបច្ចេកវិទ្យា និងសាយប័រ។ កាលពីពាក់កណ្តាលឆ្នាំ 2022 ប្រទេសអូស្ត្រាលីទទួលរងនូវការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺរណិត ដូចជាការជ្រៀតចូលលួចទិន្នន័យតាម រយៈមេរោគ Ransomware និងការវាយប្រហារលើសេវាទូរគមនាគមន៍ Optus ក៏ដូចជាក្រុមហ៊ុនធានារ៉ាប់រងសុខភាពឯកជនដ៏ធំបំផុតរបស់ប្រទេសជាដើម។
លោកស្រី Claire O’Neil រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃរបស់ប្រទេសអូស្ត្រាលីនិយាយថា៖ “ឧប្បត្តិហេតុតាមប្រព័ន្ធអ៊ីនធឺរណិតនៅក្នុងប្រទេសអូស្ត្រាលី និងនៅជុំវិញពិភពលោកស្រី គឺជាការក្រើនរំលឹកពីផលអាក្រក់នៃការវាយប្រហារដោយមេរោគ Ransomware និងសមត្ថភាពរបស់ឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺរណិតដែលបង្កការរំខាន និងគ្រោះថ្នាក់យ៉ាងទូលំទូលាយទៅដល់សហគមន៍។”
ការវាយប្រហារទាំងអស់នោះ ធ្វើឱ្យរដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃរបស់ប្រទេសអូស្ត្រាលី លោកស្រី Claire O’Neil ធ្វើការប្តេជ្ញាថា លោកស្រីនឹងធ្វើឱ្យប្រទេសរបស់លោកស្រី ក្លាយទៅជាប្រទេសដែលមានសុវត្ថិភាពជាងគេលើប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធឺរណិតនៅឆ្នាំ2030៕
អត្ថបទ៖ ប៉ោក លក្ខិណា